ព័ត៌មានអន្តរជាតិ

ថៃ៖ អតីតប្រធានាធិបតីស្រីលង្កា មិនបានស្វែងរកសិទ្ធិជ្រកកោន នយោបាយពីរដ្ឋាភិបាលថៃទេ

បរទេស៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានស្នើសុំចូលប្រទេសថៃ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចុះចេញពីតំណែង និងបានភៀសខ្លួនចេញពីប្រទេសស្រីលង្កាយ៉ាងប្រញាប់ប្រញាល់ អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ក្តៅគគុកមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានប្រកាសពីសំណើនេះតាមធ្វីតធ័រមួយកាលពីថ្ងៃពុធ ដោយនិយាយថា មន្ត្រីថៃត្រូវបានទាក់ទងដោយអាជ្ញាធរបច្ចុប្បន្ននៅក្នុងប្រទេសស្រីលង្កា ហើយបានសួរថាតើលោក Rajapaksa អាចធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានដែរឬទេ។

លោក Sangrat បាននិយាយថា “ភាគីថៃបានទទួលសំណើសុំឱ្យអតីតប្រធានាធិបតីចូលប្រទេសថៃពីរដ្ឋាភិបាលស្រីលង្កាបច្ចុប្បន្ន។ ការពិចារណាគឺផ្អែកលើទំនាក់ទំនងដ៏យូរអង្វែង និងស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ ការស្នាក់នៅរបស់ Rajapaksa នឹងក្លាយជា “បណ្តោះអាសន្ន” និងមាន “គោលបំណងនៃការធ្វើដំណើរទៅមុខ” ។

ខណៈពេលដែលអ្នកនាំពាក្យបានផ្តល់ព័ត៌មានលម្អិតមួយចំនួនទៀតអំពីការរៀបចំដែលបានស្នើឡើងនោះ លោកបានកត់សម្គាល់ថា អ្នកកាន់លិខិតឆ្លងដែនស្រីលង្កាណាមួយត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៩០ថ្ងៃ ដែលបង្ហាញថា អតីតប្រធានាធិបតីនឹងមិនមានករណីលើកលែងនោះទេ។ លោកមិនបានបញ្ជាក់ពីទិសដៅចុងក្រោយរបស់លោក Rajapaksa ឬពេលណាដែលលោកមានបំណងធ្វើដំណើរទៅប្រទេសថៃនោះទេ ប៉ុន្តែបានបញ្ជាក់ថា អតីតមេដឹកនាំរូបនេះមិនបានស្វែងរកសិទ្ធិជ្រកកោននយោបាយពីរដ្ឋាភិបាលថៃទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top