អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា គំនិតផ្តួចផ្តើម នៃសមុទ្រខ្មៅ នាវាចំនួន១២គ្រឿង ត្រូវបានអនុញ្ញាត ឱ្យចាកចេញពីកំពង់ផែ អ៊ុយក្រែន ។ នេះបើយោងតាមមន្ត្រី អង្គការសហប្រជាជាតិ ដែលសម្របសម្រួលកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ បានឲ្យដឹងកាលពីថ្ងៃពុធ ។
នាវាទាំងនេះ មានផ្ទុកគ្រាប់ធញ្ញជាតិ និង ស្តុកស្បៀងជាង៣៧០.០០០តោន ។ លោក Frederick Kenney អ្នកសម្របសម្រួល បណ្តោះអាសន្ន របស់អង្គការ សហប្រជាជាតិ នៅមជ្ឈមណ្ឌលសម្របសម្រួល រួមសម្រាប់គំនិត ផ្តួចផ្តើមសមុទ្រខ្មៅ បានប្រាប់ដល់សន្និសីទ សារព័ត៌មានជាទៀងទាត់ ដែលធ្វើឡើងនៅទីស្នាក់ការ អង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយ៉ក តាមរយៈវីដេអូតំណភ្ជាប់ពីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ។
លោក Kenney បានលើកឡើងថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន ត្រូវបានបិទជាមួយនឹងការចាប់ផ្តើមដ៏ល្អ ដោយកត់សម្គាល់ថា “ការកើនឡើង” ដ៏ធំមួយនៅក្នុងកម្មវិធីសម្រាប់ការឆ្លងកាត់ ។
លោកបានលើកឡើងថា “យើងនៅតែមានការងារជាច្រើននៅខាងមុខយើង ដើម្បីធានាថា ការអនុវត្តគំនិតផ្តួចផ្តើមនេះ ប្រែជាលទ្ធផលជាក់ស្តែង ដើម្បីដោះស្រាយអសន្តិសុខ ស្បៀងនៅជុំវិញពិភពលោក និងដើម្បីរក្សាស្ថិរភាព ទីផ្សារម្ហូបអាហារពិភពលោក” ។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែកក្កដា រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ តួកគី និងអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាត ឱ្យមានការនាំចេញអាហារ និងជីចេញពីកំពង់ផែសំខាន់ៗ ចំនួន៣របស់អ៊ុយក្រែន នៅក្នុងសមុទ្រខ្មៅ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា