ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា ករណីជំងឺអុតស្វា ដែលបានបញ្ជាក់ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពីសញ្ញាសម្គាល់ គឺមានចំនួន១០.០០០ករណី ដែលឈានដល់ ១០.៣៩២ករណី គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ហៅកាត់ថា (CDC) របស់ប្រទេស ។ ទីភ្នាក់ងារសុខភាពសាធារណៈជាតិ បានបញ្ជាក់ដូច្នេះ ។
ការគ្រប់គ្រងរបស់ CDC បានបង្ហាញថា ករណីជំងឺស្វាសចំនួន១.៣៩១ករណីត្រូវបានរាយការណ៍ កាលពីថ្ងៃពុធ ដែលជាលើកទី១ហើយដែល CDC បានរាយការណ៍ថា មានការឆ្លងមេរោគអុតស្វា ច្រើនជា១.០០០នាក់ ក្នុងរយៈពេល១ថ្ងៃ ចាប់តាំងពីករណីដំបូង ត្រូវបានរាយការណ៍ នៅថ្ងៃទី១៧ ខែឧសភា ។
ករណីដែលបានបញ្ជាក់ នៅក្នុងប្រទេសនេះ នៅតែមានចំនួនជិត៣០ភាគរយ នៃចំនួនសរុបសកល ចំនួន៣១.៨០០ករណី រហូតមកដល់ពេលនេះ ទោះបីជាចំនួនប្រជាជន របស់ប្រទេសនេះ មានចំនួនតិចជាង៥ភាគរយ នៃចំនួនប្រជាជន ពិភពលោកក៏ដោយ ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន រដ្ឋបាលលោក បៃដិន បានប្រកាសអំពីជំងឺអុតស្វា ជាជំងឺស្ថិតក្នុងគ្រាមានអាសន្ន ដល់ផ្នែកសុខភាពសាធារណៈ ដែលការប្រកាសនេះ បានធ្វើឡើងមានរយៈពេល ជាង១សប្តាហ៍ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានកំណត់ការផ្ទុះឡើង ជាគ្រាអាសន្នសកល ។
ក្រុមអ្នករិះគន់លើកឡើងថា អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើសកម្មភាពយឺតពេក ហើយមិនបានឆ្លើយតបទៅនឹង តម្រូវការសម្រាប់វ៉ាក់សាំង នោះទេ ខណៈដែលចំនួនករណីបន្តកើនឡើង ។
ព្រឹទ្ធសមាជិករដ្ឋកាលីហ្វ័រនីញ៉ា លោក Scott Wiener បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធអាចរក្សាស្តុកទុកនូវវ៉ាក់សាំង Jynneos ដែលជាវ៉ាក់សាំងការពារជំងឺអុតស្វា ដែលត្រូវបានបង្ហាញថា មានប្រសិទ្ធភាព សម្រាប់ជំងឺអុតស្វានេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា