ព័ត៌មានអន្តរជាតិ

Update៖ ការវាយប្រហារមកលើរោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតនៅអឺរ៉ុប ខណៈអគ្គលេខាធិការអ.ស.ប ស្នើឲ្យដាក់តំបន់គ្មានកងទ័ព

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ផ្លោងមកលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានស្នើឱ្យមានតំបន់គ្មានយោធានៅកន្លែងនោះចំពេលមានការភ័យខ្លាចនៃគ្រោះមហន្តរាយ ។

ទីភ្នាក់ងារ Energoatom របស់អ៊ុយក្រែនបានឲ្យដឹងថា អគារ Zaporizhzhia ត្រូវបានវាយប្រហារចំនួន៥លើកកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្មផងដែរ ។ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា ក្រុមមន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែន បានបាញ់ផ្លោងរោងចក្រ២ដង ដោយរំខានដល់ការផ្លាស់ប្តូរ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីស្ថានភាពនេះ ។ អគ្គលេខាធិការ Antonio Guterres បានអំពាវនាវឱ្យភាគីទាំង២បញ្ឈប់ការប្រយុទ្ធគ្នានៅជិតរោងចក្រ ។ លោក Guterres បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧបករណ៍នេះមិនត្រូវប្រើជាផ្នែកនៃប្រតិបត្តិការយោធាណាមួយឡើយ ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងជាបន្ទាន់គឺត្រូវការជាចាំបាច់នៅកម្រិតបច្ចេកទេសមួយនៅលើបរិវេណដែលមានសុវត្ថិភាពនៃការគ្មានយោធា ដើម្បីធានាសុវត្ថិភាពនៃតំបន់នោះ” ។

គួរបញ្ជាក់ថា រុស្សី បានដណ្តើមកាន់កាប់ Zaporizhzhia ក្នុងខែមីនា បន្ទាប់ពីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ។ រោងចក្រនេះនៅជិតជួរមុខក្នុងការប្រយុទ្ធត្រូវបានកាន់កាប់ដោយទាហានរុស្ស៊ី និងដំណើរការដោយកម្មករអ៊ុយក្រែន ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិកបានគាំទ្រការអំពាវនាវឱ្យមានតំបន់គ្មានយោធា និងបានជំរុញឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) ធ្វើទស្សនកិច្ចនៅទីតាំងនោះផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top