វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថា អ្នកសម្របសម្រួលឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក លោក Kurt Campbell បានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសចិន “បានប្រតិកម្មខ្លាំង ពេកហើយ” ចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ទៅកាន់ កោះតៃវ៉ាន់ ហើយបានប្រើករណីនេះ ជាលេសដើម្បីព្យាយាមផ្លាស់ប្តូរ ស្ថានភាពនៅច្រក សមុទ្រតៃវ៉ាន់ ។
ការឆ្លើយតបរបស់អាមេរិក នឹងមានភាពអត់ធ្មត់ និងមានប្រសិទ្ធភាព ហើយវត្តមាន និងឥរិយាបថរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នឹងគិតគូរ ដល់អាកប្បកិរិយាកាន់ តែអស្ថិរភាពរបស់ចិន នេះបើតាមលោក Campbell បានប្រាប់ដល់អ្នកយកព័ត៌មាន នៅក្នុងការហៅទូរស័ព្ទមួយថាយ៉ាងដូច្នេះ ។
លោក Campbell បានលើកឡើងដោយហៅករណីនេះថា ជាផ្នែកនៃ “យុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំង” ប្រឆាំងនឹងកោះតៃវ៉ាន់ ដោយថា “ប្រទេសចិន បានបញ្ចេញប្រតិកម្មហួសហេតុ ហើយសកម្មភាពរបស់ខ្លួន នៅតែបន្តបង្កហេតុ អស្ថិរភាព និងមិនធ្លាប់មានពីមុនមកនោះទេ” ។
លោក Campbell បានបញ្ជាក់យ៉ាងដូច្នេះថា “រឿងនេះមិនបានបញ្ចប់ទេ ហើយយើងរំពឹងថា ករណីនេះនឹងបន្តកើតឡើង នៅប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ” ដោយបានលើកឡើងទៀតថា នាវាចម្បាំងរបស់ចិន ជាច្រើននៅតែនៅជុំវិញកោះតៃវ៉ាន់ ដែលជាកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា