ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ច្រានចោលការលើកឡើង របស់លោកស្រី Pelosi ស្តីពីបញ្ហាចិនតៃវ៉ាន់ថា ការដែលលោកស្រី Pelosi ទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ គឺជាការជាន់ឈ្លី លទ្ធិប្រជាធិបតេយ្យ

ថ្លែងក្នុងសន្និសីទកាសែត ជាប្រចាំកាលពីថ្ងៃទី១២ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានច្រានចោលការលើកឡើង របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ របស់អាមេរិក ស្តីពីបញ្ហាតៃវ៉ាន់ថា ការដែលលោកស្រី Pelosi ទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ គឺវាគ្មានអ្វីពាក់ព័ន្ធនឹង លទ្ធិប្រជាធិបតេយ្យនោះឡើយ បែរជាការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងបានបង្ហាញថា អាមេរិករំលោភសច្ចធម៌អន្តរជាតិ ដើម្បីឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួន ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ របស់សហរដ្ឋអាមេរិក និងសមាជិកសភាអាមេរិកផ្សេងទៀត ដែលបានអមដំណើរទស្សកិច្ចនៅអាស៊ី បានធ្វើសន្និសីទកាសែត កាលពីប៉ុន្មានថ្ងៃមុន។ លោកស្រី Pelosi បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ ទាក់ទិននឹងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដែលស្របតាមគោលនយោបាយចិនតែមួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងមិនស្វែងរកការកែប្រែស្ថានការណ៍បច្ចុប្បន្ន នៅច្រកសមុទ្រតៃវ៉ាន់នោះទេ។

ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាពាក់ព័ន្ធ លោក Wang Wenbin បានថ្លែងថា ការលើកឡើងរបស់លោកស្រី Pelosi បានបង្ហាញឱ្យឃើញថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រី នៅតំបន់ចិនតៃវ៉ាន់ គឺជាការបណ្តែតបណ្តោយ និងគាំទ្រដល់កម្លាំងអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ប្រទេសចិនមានសិទ្ធិគ្រប់គ្រាន់ និងចាំបាច់ត្រូវចេញចំណាត់ការ តបតយ៉ាងដាច់ខាត ចំពោះការបង្កហេតុរបស់អាមេរិក ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន គាំពារការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ដែលជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ក្នុងន័យគាំពារយ៉ាងប្រាកដប្រជានូវសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ៕

To Top