ព័ត៌មានអន្តរជាតិ

Update៖ រោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប ប្រឈមមុខ នឹងហានិភ័យខ្លាំង ដែលកើតឡើងជារៀងរាល់ថ្ងៃ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ហានិភ័យនៃគ្រោះមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុបកំពុង “កើនឡើងជារៀងរាល់ថ្ងៃ” អភិបាលក្រុង ដែលមានទីតាំងនៅនោះ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការបាញ់ផ្លោងថ្មីៗជុំវិញរោងចក្រនេះ ។

រោងចក្រ Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីខែមីនា ហើយក្រុង គៀវ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីមូលដ្ឋានទាហានរាប់រយនាក់ និងរក្សាទុកអាវុធនៅទីនោះ ។

រោងចក្រនេះ ត្រូវបានរងការឆាបឆេះម្តងហើយម្តងទៀត ក្នុងសប្តាហ៍មុន ដោយបង្កើននូវទិដ្ឋភាព នៃមហន្តរាយនុយក្លេអ៊ែរ ។

លោក Dmytro Orlov អភិបាលក្រុង Energodar ដែលរោងចក្រនេះ មានមូលដ្ឋានបានលើកឡើងថា “អ្វីដែលកំពុងកើតឡើងនៅទីនោះ គឺជាអំពើភេរវកម្មនុយក្លេអ៊ែរទាំងស្រុង ហើយវាអាចបញ្ចប់ ដោយមិនអាចទាយទុកជាមុន បាននៅពេលណាមួយ” ។

លោកបានប្រាប់ដល់ទីភ្នាក់ងារ AFP តាមទូរស័ព្ទពីទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយអ៊ុយក្រែនថា “ហានិភ័យកំពុងកើនឡើង ជារៀងរាល់ថ្ងៃ” ។

លោកបញ្ជាក់ថា មានការបាញ់គ្រាប់កាំភ្លើងត្បាល់ មកលើរោងចក្រ «”រាល់ថ្ងៃទាំងយប់” ។

លោកបានឲ្យដឹងទៀតថា “ស្ថានការណ៍នេះមានគ្រោះថ្នាក់ ហើយអ្វីដែលធ្វើឲ្យមានការព្រួយបារម្ភបំផុតនោះ គឺគ្មានដំណើរការបន្ធូរបន្ថយការកើនឡើងនោះទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top