ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ប្រាប់ដល់មេដឹកនាំកូរ៉េខាងជើងថា ប្រទេសទំាង២ នឹងបង្កើនការទំនាក់ទំនងទ្វេភាគី

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា លោក ប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន បានប្រាប់ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ប្រទេសទាំង២នឹង “បង្កើនទំនាក់ទំនងទ្វេភាគី ដ៏ទូលំទូលាយ និងស្ថាបនា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា” ។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានឲ្យដឹងថា នៅក្នុងលិខិតផ្ញើជូនលោក គីម សម្រាប់ថ្ងៃរំដោះប្រទេសកូរ៉េ លោក ពូទីន បានថ្លែងថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងជា ផលប្រយោជន៍របស់ប្រទេសទាំង២ ហើយនឹងជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ “និងតំបន់អាស៊ីឦសាន ។

លោក គីម ក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក ពូទីន ដោយលើកឡើងថា មិត្តភាពរុស្ស៊ី និងកូរ៉េខាងជើង ត្រូវបានបង្កើតឡើងក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ដែលបានកាន់កាប់ឧបទ្វីបកូរ៉េ ។

លោក គីម បានឲ្យដឹងនៅក្នុងលិខិតនោះថា “កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ ការគាំទ្រ និងសាមគ្គីភាព ”រវាងប្រទេសទាំង២បានឈានដល់ កម្រិតថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់ពួកគេ ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការបង្កហេតុពី កងកម្លាំងយោធាអរិភាព ។ ទីភ្នាក់ងារ KCNA មិនបានកំណត់អត្តសញ្ញាណ កងកម្លាំងអរិភាពនោះទេ ប៉ុន្តែវាជាធម្មតាបានប្រើពាក្យនោះ ដើម្បីសំដៅទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។

លោក គីម បានព្យាករណ៍ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើងនឹងរីកចម្រើន ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ នៅគ្រាដែលលោកបាន ជួបជាមួយលោក ពូទីន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top