ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រឹបអូសយកនាវាដឹកប្រេងរត់ពន្ធ នៅក្នុងដែនទឹកភាគខាងត្បូងប្រទេស

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានរឹបអូសកប៉ាល់ដឹកប្រេងរត់ពន្ធជាង ២២០០០លីត្រ នៅក្នុងដែនទឹកភាគខាងត្បូងនៃប្រទេស។

ប្រធានចៅក្រមនៃខេត្ត Hormuzgan របស់អ៊ីរ៉ង់ លោក Mojtaba Qahremani ត្រូវបានដកស្រង់សម្តីដោយ IRNA ដែលបានលើកឡើងថា នៅពេលរកឃើញកប៉ាល់នោះ កងកម្លាំងទ័ពជើងទឹករបស់ IRGC បានរឹបអូសយកវា និងរក្សាទុកប្រេងឥន្ធនៈ ដែលរត់ពន្ធនោះ។

យោងតាមលោក Qahremani បានឱ្យដឹងថា ការផ្តន្ទាទោសចំពោះ អ្នករត់ពន្ធប្រេងឥន្ធនៈរួមមាន ការពិន័យហិរញ្ញវត្ថុ ការជាប់ពន្ធនាគារ និងការរឹបអូសទ្រព្យសម្បត្តិខុសច្បាប់។ លោកបានកត់សម្គាល់ថា កម្មសិទ្ធិនៃកប៉ាល់រឹបអូស នឹងត្រូវផ្ទេរទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កាលពីថ្ងៃពុធ លោក Qahremani បានលើកឡើងថា កងកម្លាំងទ័ពជើងទឹករបស់អ៊ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងរត់ពន្ធប្រហែល ២៧៧០០០លីត្រ នៅក្នុងដែនទឹកភាគខាងត្បូង ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top