ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ដាក់លក្ខខណ្ឌផ្តល់ជំនួយសេដ្ឋកិច្ច ទ្រង់ទ្រាយធំ បើកូរ៉េខាងជើង នឹងដើរចេញពីនុយក្លេអ៊ែរ

បរទេស៖ នៅក្នុងកម្មវិធីខួបអនុស្សាវរីយ ដែលឧបទ្វីបកូរ៉េ បានដើរចេញពីការគ្រប់គ្រង ដោយប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥នោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសនឹងផ្តល់ជំនួយមនុស្សធម៌ ទ្រង់ទ្រាយធំមួយទៅឲ្យកូរ៉េខាងជើង ប្រសិនបើប្រទេសយល់ព្រម ដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរទាំងស្រុង។

លោក Yoon ដែលបានថ្លែងទៅកាន់ កម្មវិធីបុណ្យឯករាជ្យជាតិនោះថា៖ គំនិតផ្តួចផ្តើមដ៏មានភាពក្លាហាន ដែលខ្ញុំបានរៀបចំនឹងធានា ឲ្យបាននូវកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រសើរ សម្រាប់កូរ៉េខាងជើង ព្រមទាំងជីវិតរស់នៅ របស់ពលរដ្ឋកូរ៉េខាងជើងទាំងអស់ ប៉ុន្តែក្នុងករណីដែលកូរ៉េខាងជើង នឹងយល់ព្រមដកខ្លួន ឲ្យបានដាច់ចេញពីអាវុធនុយក្លេអ៊ែរជាមុនសិន។

លោកបន្តថា៖កញ្ចប់ថវិកាជំនួយទាំងនោះ រួមមានទាំងទំហំជំនួយអាហារដ៏ច្រើនសន្ធឹកសន្ធាប់ ជំនួយសម្រាប់ការអភិវឌ្ឍការផលិតអគ្គិសនី របស់កូរ៉េខាងជើង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងក៏ដូចជាការធ្វើទំនើបកម្មផែន និងអាកាសយានដ្ឋាន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មផងដែរ។

លោកបន្ថែមដែរថាកូរ៉េខាងត្បូង នឹងជួយដល់កូរ៉េខាងជើង ទាំងវិស័យកសិកម្មផលិតកម្ម ផ្តល់ជំនួយជាការធ្វើឲ្យប្រសើរឡើង នៃវិស័យសុខាភិបាល និងក៏ដូចជាជួយជុំរុញឲ្យមានសកម្មភាព វិនិយោគបរទេសកើនឡើង នៅក្នុងប្រទេសទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

To Top