ព័ត៌មានអន្តរជាតិ

Update៖ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការ របបយោធាមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៦ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោសមេដឹកនាំ ដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានរកឃើញថា លោកស្រីមានកំហុស ក្នុងសំណុំរឿងពុករលួយចំនួន៤ ។ ប្រភពដែលដឹងអំពីដំណើរការ នីតិវិធីបានឲ្យដូច្នេះ ។

ម្ចាស់ជ័យលាភីណូបែលវ័យ៧៧ឆ្នាំ និងជាប្រធានបក្សប្រឆាំងរបស់មីយ៉ាន់ម៉ា ចំពោះការគ្រប់គ្រងដោយយោធា ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិយ៉ាងតិច ចំនួន១៨ រាប់ចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភលើការបោះឆ្នោត ដោយអាចជាប់ពន្ធនាគារ អតិបរមាជិត១៩០ឆ្នាំ ។

លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់នេះថា មិនសមហេតុផល ហើយបដិសេធរាល់ការចោទប្រកាន់ មកលើលោកស្រី ។

ប្រភពបានឲ្យដឹងថា លោកស្រីត្រូវបានគេរកឃើញថា មានពិរុទ្ធភាពកាលពីថ្ងៃចន្ទ ពីបទប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ ពីមូលនិធិ Daw Khin Kyi ដែលជាអង្គការដែលលោកស្រី បានបង្កើតការលើកកម្ពស់សុខភាព និងការអប់រំ ដើម្បីសាងសង់ផ្ទះ និងជួលដីដែលគ្រប់គ្រង ដោយរដ្ឋាភិបាល ក្នុងអត្រាបញ្ចុះតម្លៃ ។

លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានឃុំខ្លួនតែម្នាក់ឯង នៅក្នុងពន្ធនាគារក្នុងរដ្ឋធានី ណៃពិដោរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល១១ឆ្នាំរួចហើយ នៅក្នុងករណីផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top