ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដដឹកជញ្ជូនប្រេង ដែលលួចចេញពីប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួននៅអ៊ីរ៉ាក់

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ១០០គ្រឿងដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានលួចពីខេត្ត Hasakah ភាគឦសាននៃប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃយុទ្ធនាការកាន់តែខ្លាំងរបស់ពួកគេក្នុង ការរត់ពន្ធប្រេងពីប្រទេសស៊ីរី។

 ដោយលើកឡើងពីអ្នកសារព័ត៌មានរបស់ខ្លួន អង្គភាពព័ត៌មាន SANA បានចុះផ្សាតថា រថយន្ដដឹកប្រេងរាប់សិបគ្រឿង ដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានគេលួចត្រូវបានគេមើលឃើញថាកំពុងធ្វើដំណើរ ទៅកាន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់តាមរយៈការឆ្លងកាត់ខុសច្បាប់ ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ជូនប្រេងស៊ីរី ដែលត្រូវបានលួចចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។

សារព័ត៌មាន SANA បានឲ្យដឹងទៀតថា “ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ កងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិកបាននាំយកក្បួនរថយន្តដឹកប្រេងចំនួន ១០០គ្រឿងដែលពោរពេញទៅដោយប្រេង របស់ប្រទេសស៊ីរី ពីតំបន់ជនបទ Hasaka ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួន ក្នុងទឹកដីអ៊ីរ៉ាក់។

គួរបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក ដែលបានគ្រប់គ្រងតំបន់ប្រេង និងឧស្ម័នសំខាន់ៗក្នុងទីក្រុង Hasakah ដោយមានជំនួយពី ពួកឧទ្ទាមឃឺដក្នុងស្រុក បានរត់ពន្ធប្រេងឥន្ធនៈចេញពី ប្រទេសស៊ីរីជាប្រចាំ។

 កាល​ពី​ថ្ងៃ​សៅរ៍ ក្បួន​រថយន្ត​ដឹក​ប្រេង​ចំនួន ៨៩ គ្រឿង​ដែល​ផ្ទុក​ដោយ​ប្រេង​លួច​ពីស៊ីរីនោះ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មូលដ្ឋាន​ទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ តាម​រយៈ​ការ​ឆ្លង​កាត់​តំបន់ដូច​គ្នា។ កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក  បានបញ្ជូនក្បួនរថយន្តដឹកប្រេងចំនួន ១៤៤គ្រឿងតាមរបៀបដូចគ្នា។

ទីភ្នាក់ងារព័ត៌មានបានឲ្យដឹងថា ឧបទ្ទវហេតុនេះគឺជាផ្នែកមួយនៃការរំលោភលើគោលការណ៍ អន្តរជាតិជាបន្តបន្ទាប់របស់អាមេរិក និងការចូលរួមរបស់ពួកគេ ក្នុងការប្លន់យកធនធានធម្មជាតិរបស់ប្រទេសដទៃ និងការបង្អត់អាហារដល់ប្រជាជនរបស់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top