ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាលើកដំបូង

បឺលីន៖ ប្រភពពីក្រសួងការពារជាតិ បានឲ្យដឹងថា កងទ័ពអាកាសអាល្លឺម៉ង់ នបញ្ជូនកងនាវារួមទាំង យន្តហោះចម្បាំងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ជាលើកដំបូងកាលពីថ្ងៃចន្ទ សម្រាប់សមយុទ្ធរួម និងប្រតិបត្តិការផ្សេងៗទៀត។

ការបញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួន ៦គ្រឿង និងយន្តហោះយោធាផ្សេងទៀត រួមទាំងនាវាដឹកយន្តហោះចម្បាំង គឺមានគោលបំណងលើកកម្ពស់ ទំនាក់ទំនងសន្តិសុខជាមួយតំបន់ ចំពេលមានភាពតានតឹងខ្លាំង ជុំវិញច្រកសមុទ្រតៃវ៉ាន់។

កងនាវានេះនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីបានចូលរួមសមយុទ្ធ ដែលមានប្រទេសចំនួន ១៧ នៅប្រទេសអូស្ត្រាលី ដែលចាប់ផ្តើមពីថ្ងៃសុក្រ នេះបើយោងតាមក្រសួងការពារជាតិអាល្លឺម៉ង់ និងអូស្ត្រាលី។

ក្រសួងការពារជាតិអាល្លឺម៉ង់បានឲ្យដឹងថា យន្តហោះចេញពីមូលដ្ឋាននៅរដ្ឋ Bavaria ភាគអាគ្នេយ៍ ក៏នឹងធ្វើដំណើរទៅកាន់ ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរីផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ជប៉ុន និងសហរដ្ឋអាមេរិក ក៏នឹងចូលរួមក្នុងសមយុទ្ធ Pitch Black រួមជាមួយនឹងប្រទេសចំនួន ១៥ ផ្សេងទៀត នេះបើយោងតាមក្រសួងការពារជាតិអូស្ត្រាលី។

ប្រទេសអាល្លឺម៉ង់ ដែលបាននិងកំពុងបង្កើនការ ចូលរួមរបស់ខ្លួននៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក បានចេញផ្សាយយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិកដ៏ទូលំទូលាយ នៅឆ្នាំ២០២០ ដែលជាសញ្ញាបង្ហាញពី ការផ្លាស់ប្តូររបស់ខ្លួន ចេញពីគោលនយោបាយអាស៊ី ដែលផ្តោតលើប្រទេសចិន។

គួរបញ្ជាក់ថា ប្រទេសអឺរ៉ុប កាលពីឆ្នាំមុនបានបញ្ជូននាវាចម្បាំង កងទ័ពជើងទឹកទៅកាន់តំបន់នេះ ជាលើកដំបូងក្នុងរយៈពេលប្រហែល ២០ឆ្នាំដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយកងកម្លាំងស្វ័យការពារ ដែនសមុទ្ររបស់ប្រទេសជប៉ុន នៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងនៃទីក្រុងតូក្យូ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top