ប៉េកាំង៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងបទឈប់បាញ់ នៅយេម៉ែន ដោយពង្រីកសមិទ្ធិផល នៃបទឈប់បាញ់ និងផ្តោតលើការកែលម្អ ស្ថានភាពមនុស្សធម៌។
លោក Zhang បានឲ្យដឹងនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីប្រទេសយេម៉ែនថា “ចាប់តាំងពីការចាប់ផ្តើម នៃបទឈប់បាញ់មក ការស្លាប់ និងរបួសរបស់ជនស៊ីវិល ដែលបណ្តាលមកពីប្រតិបត្តិការយោធា បានធ្លាក់ចុះយ៉ាងខ្លាំង” ។
ទោះយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត បាននិយាយថា នៅកន្លែងដូចជា Taiz, Marib និង Shabwa សន្តិភាពមិនទាន់មាននោះទេ ហើយស្ថានភាពសន្តិសុខ នៅតែផុយស្រួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា “ភាគីពាក់ព័ន្ធគួរតែបំពេញ ការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះបទឈប់បាញ់ឱ្យបានពេញលេញ ជៀសវាងការវាយប្រហារទាំងអស់ លើជនស៊ីវិល និងបរិក្ខារស៊ីវិល ប្រើប្រាស់យន្តការនៃគណៈកម្មាធិការ សម្របសម្រួលយោធាឱ្យបានពេញលេញ ដើម្បីរក្សាការប្រាស្រ័យទាក់ទងជាប្រចាំ និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់”។
ពាក់ព័ន្ធនឹងការពង្រីកសមិទ្ធិផល នៃបទឈប់បាញ់ លោកបានលើកឡើងថា “យើងអំពាវនាវឱ្យភាគីយេម៉ែនទាំងអស់ ចាប់យកឱកាសដែលបង្ហាញ ដោយការពន្យារពេលបទឈប់បាញ់ ហើយធ្វើការជាមួយគ្នាឆ្ពោះទៅរក វឌ្ឍនភាពលើការបើកផ្លូវ ក៏ដូចជា ប្រាក់បៀវត្សរ៍មន្ត្រីរាជការ ការបង្កើនជើងហោះហើរអន្តរជាតិ នៅអាកាសយានដ្ឋាន Sanaa និងបញ្ហាផ្សេងៗទៀត ដែលប៉ះពាល់ដល់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន”៕ ប្រែសម្រួល ឈូក បូរ៉ា