ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមានថា ម៉ិកស៊ិក ប្រឈមមុខ នឹងទស្សនវិស័យសេដ្ឋកិច្ច មិនច្បាស់លាស់ នៅឆ្នាំ២០២៣

ម៉ិកស៊ីកូ ៖ វិទ្យាស្ថានប្រតិបត្តិហិរញ្ញវត្ថុម៉ិកស៊ិក (IMEF) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក ប្រឈមមុខនឹង ទស្សនវិស័យ “មិនច្បាស់លាស់ និងស្មុគ្រស្មាញ” ក្នុងឆ្នាំ២០២៣ ចំពេលមានការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងអតិផរណាពិភពលោកខ្ពស់ ។

នៅក្នុងការពិនិត្យឡើងវិញនៃសូចនាករប្រចាំខែរបស់ខ្លួន IMEF បានបន្ទាបការព្យាករណ៍កំណើន សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក សម្រាប់ឆ្នាំ២០២៣ ពី ១,៨ភាគរយទៅ ១,៤ភាគរយ ប៉ុន្តែបានដំឡើងការព្យាករណ៍កំណើន នៅឆ្នាំនេះនៅក្នុងផលិតផល ក្នុងស្រុកសរុប (GDP) ដល់ ១,៩ភាគរយពីការព្យាករណ៍ ១,៨ភាគរយនៅក្នុងខែកក្កដា ។

ប្រធាន IMEF លោក Alejandro Hernandez បាន ពន្យល់ ថា “ការ ប្រសព្វ នៃ កត្តា ដែល មាន ឥទ្ធិពល ខ្ពស់ ជា ច្រើន ធ្វើ ឱ្យ ទស្សនវិស័យ សេដ្ឋកិច្ច ពិបាក នឹង យល់ ហើយ រឹតតែ ពិបាក ក្នុង ការ ព្យាករ ណ៍”។

អ្នកជំនាញបានឲ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននិម្មិតថា “សូចនាករថ្មីៗបំផុតនៅក្នុងប្រទេសម៉ិកស៊ិក បង្ហាញថាសេដ្ឋកិច្ចមើលទៅនៅទ្រឹង” ។

យោងតាមការវិភាគ សេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងប្រទេស ដែលមានឥទ្ធិពលខ្ពស់ ប្រឈមមុខ នឹងបរិយាកាសមិនល្អ ដែល “ផលប្រយោជន៍ភូមិសាស្ត្រ នយោបាយអនាធិបតេយ្យ” ធ្វើឱ្យប៉ះពាល់ដល់កិច្ច សហប្រតិបត្តិការអន្តរជាតិ ។

អង្គការនេះបានព្រមានថា នៅពេលជាមួយគ្នានោះ អតិផរណាបានលេចឡើងសារជាថ្មី ដែលជាការគំរាមកំហែងចម្បង ដល់ដំណើរការនៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top