ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីរុស្ស៊ី ថ្លែងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចង់បង្កជម្លោះជាសកល

ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្នុងអំឡុងពេលសុន្ទរកថារបស់គាត់ នៅឯសន្និសីទទីក្រុងម៉ូស្គូលើកទី១០ ស្តីពីសន្តិសុខអន្តរជាតិ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចាំបាច់ត្រូវបង្កជម្លោះជាសកល និងសាបព្រួសភាពវឹកវរ ដើម្បីព្យាយាមរក្សាការគ្រប់គ្រងរបស់ពួកគេ ។

លោកបានលើកឡើងថា “សហរដ្ឋអាមេរិក និងពួកអភិជនរបស់ខ្លួន ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យ ដោយការបង្កហេតុ រៀបចំរដ្ឋប្រហារ ឬញុះញង់ឱ្យមានសង្គ្រាមស៊ីវិល… ហើយអ្វីៗទាំងអស់នេះ កំពុងធ្វើឡើង ក្នុងគោលបំណងតែមួយ ដើម្បីរក្សាការគ្រប់គ្រងរបស់ពួកគេ” ។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីអ្នកនាំពាក្យ អង្គការសហប្រជាជាតិ លោក Stephane Dujarric ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងជួបជាមួយ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅក្នុងសប្តាហ៍នេះ ។

កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នៅទីក្រុង Lviv ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ។ របៀបវារៈរបស់កិច្ចប្រជុំ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ។

នៅថ្ងៃសុក្រ លោក Guterres ត្រូវធ្វើដំណើរទស្សនា កំពង់ផែសមុទ្រក្នុងទីក្រុង Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top