គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីថាមពល របស់ប្រទេសនេះថា អ៊ុយក្រែន បានបង្កើតមជ្ឈមណ្ឌលវិបត្តិមួយ ដើម្បីដោះស្រាយស្ថានភាពគ្រាអាសន្ន ដែលអាចកើតមាន នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
លោក Galushchenko បានប្រាប់អ្នកយកព័ត៌មានថា ទីស្នាក់ការកណ្តាលវិបត្តិ ដែលត្រូវបានបង្កើតឡើងនៅលើ មូលដ្ឋាននៃប្រតិបត្តិករ ថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន Energoatom នឹងធ្វើការគ្រប់ពេលដើម្បី តាមដានស្ថានភាពនៅរោងចក្រ Zaporizhzhia NPP ។
លោក Galushchenko បានលើកឡើងថា ស្ថាប័នរដ្ឋាភិបាលថ្មី នឹងមានការចូលរួមពីតំណាងក្រសួង នាយកដ្ឋាន និងស្ថាប័នរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីសប្តាហ៍មុន អ៊ុយក្រែន និងរុស្ស៊ី បានផ្លាស់ប្តូរការចោទប្រកាន់ ជុំវិញការធ្វើកូដកម្មលើរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលបរមាណូ ដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប និងផលិតអគ្គិសនីមួយភាគបួន នៃថាមពលសរុបរបស់ប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃទី១១ ខែសីហា អ៊ុយក្រែន បានអំពាវនាវឱ្យមាន បេសកកម្មអន្តរជាតិមួយ ទៅកាន់រោងចក្រក្រោមការដឹកនាំ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីវាយតម្លៃការគំរាមកំហែង ដល់សុវត្ថិភាពនុយក្លេអ៊ែរ ៕
ប្រែសម្រួល ឈូក បូរ៉ា