ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា លោកខាងលិចព្យាយាម រក្សាការគ្រប់គ្រង ដោយការបង្កជម្លោះ ហើយខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន។
ក្នុងអំឡុងពេលសុន្ទរកថា របស់លោកនៅឯសន្និសីទ ទីក្រុងម៉ូស្គូលើកទី១០ ស្តីពីសន្តិសុខអន្តរជាតិ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចាំបាច់ត្រូវបង្កជម្លោះជាសកលថ្មី និងសាបព្រួសភាពវឹកវរ ដើម្បីព្យាយាមរក្សា ការគ្រប់គ្រងរបស់ពួកគេ។
លោកបានលើកឡើងថា “សហរដ្ឋអាមេរិក និងពួកអភិជនរបស់ខ្លួន ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យ ដោយការបង្កហេតុ រៀបចំរដ្ឋប្រហារ ឬញុះញង់ឱ្យមានសង្គ្រាមស៊ីវិល ហើយអ្វីៗទាំងអស់នេះ កំពុងធ្វើឡើង ក្នុងគោលបំណងតែមួយ គឺដើម្បីរក្សាការគ្រប់គ្រងរបស់ពួកគេ”។
ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីអ្នកនាំពាក្យ អង្គការសហប្រជាជាតិ លោក Stephane Dujarric ឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នឹងជួបជាមួយ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅសប្តាហ៍នេះ។
កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នៅទីក្រុង Lviv ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ហើយរបៀបវារៈរបស់វា មិនត្រូវបានបង្ហាញឱ្យដឹងទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅថ្ងៃសុក្រប្រមុខអង្គការសហប្រជាតិ លោក Guterres នឹងត្រូវទៅទស្សនាកំពង់ផែសមុទ្រ ក្នុងទីក្រុង Odesa ភាគខាងត្បូង ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃអង្គារ ដើម្បីរុះរើបុគ្គលិក នៃអគ្គមេបញ្ជាការកំពូល ដែលជាអង្គភាពបញ្ជា និងគ្រប់គ្រងខ្ពស់បំផុត របស់ប្រទេស សម្រាប់កងទ័ពនិងសាខានីមួយៗ នៃយោធាអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា