ព័ត៌មានអន្តរជាតិ

ល្បិចក្នុង យុទ្ធសាស្ត្រសង្គ្រាម! អឺរ៉ុបប្រឈម នឹងគ្រោះថ្នាក់ ពីការបំផ្ទុះរោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ នៅ Zaporizhzhia

ភ្នំពេញ៖លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដា បានលើកឡើងថា ល្បិចក្នុងយុទ្ធសាស្ត្រសង្គ្រាម អឺរ៉ុបប្រឈម នឹងគ្រោះថ្នាក់ ដោយសារការសាយភាយវិទ្យុសកម្ម ដែលមានវិសាលភាពដ៏ធំល្វឹងល្វើយ ដែលផ្ដើមចេញ ពីការបំផ្ទុះរោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ នៅ Zaporizhzhia ។

ការលើកឡើងរបស់លោក ហេង វ៉ាន់ដា បែបនេះ ធ្វើឡើងស្របពេលដែលពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសថ្មីៗនេះ ផ្ដោតសំខាន់លើ ការបំផ្ទុះរោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ នៅ Zaporizhzhia ដែលកងទ័ពរបស់រុស្ស៊ីកំពុងកាន់កាប់។

លោក ហេង វ៉ាន់ដា បានលើកឡើងយ៉ាងដូច្នេះថា បើរុស្ស៊ី ហ៊ានប្រើអាវុធនុយក្លេអ៊ែរ ដាក់អ៊ុយក្រែន, សហរដ្ឋអាមេរិក នឹងជួយអាវុធនុយក្លេអ៊ែរ ដល់អ៊ុយក្រែន បាញ់ដាក់រុស្ស៊ីវិញដូចគ្នា។ ហេតុនេះ ឱកាសនៃការប្រើអាវុធនុយក្លេអ៊ែរ រវាងភាគីទាំង២ នៅមិនទាន់មកដល់នៅឡើយ។

លោកបន្ថែមថា ប៉ុន្តែរឿងមួយទៀត ដែលចោទជាបញ្ហាដ៏ធំដល់អឺរ៉ុបនោះ គឺការបំផ្ទុះរោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ នៅ Zaporizhzhia (រុស្សីកំពុងកាន់កាប់) ដែលមាន៦ រេអាក់ទ័រ ដែលភាគីទាំង២ កំពុងផ្លោងដាក់គ្នា។ បើមានផ្ទុះមែន ភាគីទាំង២ មិនទទួលខុសត្រូវដូចគ្នា ដែលទាំងរុស្ស៊ីនិងអាមេររិក នៅតែមិនអាចប្រើអាវុធនុយក្លេអ៊ែរ ដាក់គ្នាទៅវិញទៅមក បានដូចគ្នាដដែល។

លោកបញ្ជាក់ថា «រឿងសំខាន់បំផុតនោះ គឺគ្រោះថ្នាក់ដល់អឺរ៉ុប ដោយសារការសាយភាយវិទ្យុសកម្ម ដែលមានវិសាលភាពដ៏ធំល្វឹងល្វើយ ក្នុងនោះ ខាងលិចដល់ប្រទេសអូទ្រីស ខាងជើងដល់ប្រទេសន័រវេស, ខាងកើត ដល់ទន្លេវ៉ុលហ្គា(រុស្ស៊ី)»។

លោក ហេង វ៉ាន់ដា បានលើកឡើងថា ហេតុនេះ រោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ នៅ Zaporizhzhia អ៊ុយក្រែន ត្រូវតែមានដំណោះស្រាយមួយបន្ទាន់ នាពេលខាងមុខ។

នេះគឺជាល្បិច ក្នុងយុទ្ធសាស្ត្រ សង្គ្រាម
អ៊ុយក្រែនមាន៤ទីតាំង រោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ និងជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងសាកលលោក៖
១. ទីតាំង Zaporizhzhia មាន6 រេអាក់ទ័រ
២. ទីតាំង South Ukraine មាន3 រេអាក់ទ័រ
៣. ទីតាំង khmelnitsky មាន2 រេអាក់ទ័រ
៤. ទីតាំង Rivno មាន4 រេអាក់ទ័រ

លោក ហេង វ៉ាន់ដា ក៏បានឱ្យដឹងផងដែរថា អ៊ុយក្រែន ជាប្រទេសធំទី៧ ក្នុងពិភពលោក ដែលមានរោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top