ព័ត៌មានអន្តរជាតិ

ចិន បរិហារការចោទប្រកាន់ ដោយប្រើពាក្យថា “អន្ទាក់បំណុលចិន” ថាជាការកុហកភូតភរ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា អ្វីដែលគេហៅថា “អន្ទាក់បំណុលចិន” គឺជាការកុហក ដែលបង្កើតឡើងដោយ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនទៀត ដើម្បីបង្វែរការទទួលខុសត្រូវ និងការស្តីបន្ទោស។

លោក Wang បានឲ្យដឹងក្នុងការឆ្លើយ តបទៅនឹង ការចោទប្រកាន់ ដែលបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក នៅទ្វីបអាហ្វ្រិក ថាការ ចោទប្រកាន់របស់ ពួកគេ ប្រឆាំងនឹងប្រទេសចិន គឺមិនអាចប្រកែកបាន។

លោក Wang បានបន្ដថា ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនខ្ចីពីអ្នកផ្តល់កម្ចីពាណិជ្ជកម្ម និងពហុភាគី។ យោងតាមស្ថិតិបំណុលអន្តរជាតិរបស់ធនាគារពិភពលោក នៅចុងឆ្នាំ២០២០ ម្ចាស់បំណុលពាណិជ្ជកម្ម និងពហុភាគីមានចំនួន ៤០ភាគរយ និង ៣៤ភាគរយរៀងគ្នា សម្រាប់បំណុលខាងក្រៅសាធារណៈនៃប្រទេស ដែលមានចំណូលទាប និងមធ្យមចំនួន ៨២ប្រទេស។

លោក Wang បានបន្ថែមថា ម្ចាស់បំណុលផ្លូវការទ្វេភាគី បានកើនឡើង ២៦ភាគរយ ហើយប្រទេសចិនតិចជាង ១០ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកំពុងអភិវឌ្ឍន៍ បានខ្ចីបំណុលថ្មី របស់ពួកគេជាចម្បងពីម្ចាស់បំណុល ពាណិជ្ជកម្ម លោកខាងលិច និងស្ថាប័នពហុភាគី។ យោងតាមស្ថិតិ របស់ធនាគារពិភពលោក ចន្លោះឆ្នាំ២០១៥ និង ២០២០ បំណុលផ្លូវការពាណិជ្ជកម្ម ពហុភាគី និងទ្វេភាគីមានចំនួន ៤២ ភាគរយ ៣៥ភាគរយ និង ២៣ភាគរយរៀងគ្នា នៃបំណុលសាធារណៈថ្មីចំនួន ៤៧៥,២ពាន់លានដុល្លារ នៃប្រទេស ដែលមានចំណូលទាប និងមធ្យមកម្រិតទាប។

ភាគច្រើននៃបំណុលពាណិជ្ជកម្ម ឬ ៣៩ភាគរយនៃបំណុលថ្មី សរុបត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយមូលបត្របំណុល អធិបតេយ្យភាព នៅក្នុងទីផ្សារហិរញ្ញវត្ថុ អន្តរជាតិ។

លោក Wang បានបន្ថែមទៀតថា ការស្រាវជ្រាវដោយ Eurodad លើបណ្តាប្រទេសជំពាក់បំណុល សំខាន់ៗចំនួន ៣១ប្រទេស បានរកឃើញថា ៩៥ភាគរយនៃមូលបត្របំណុល របស់ប្រទេសត្រូវបាន កាន់កាប់ដោយស្ថាប័នហិរញ្ញវត្ថុ លោកខាងលិច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top