ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ អ៊ីស្រាអែលនិងតួកគី ស្តារទំនាក់ទំនង ពេញលេញឡើងវិញ ដើម្បីផលប្រយោជន៍រួម

យេរ៉ូសាឡឹម៖ អ្នកជំនាញបានឲ្យដឹងថា អ៊ីស្រាអែល និងតួកគី បានយល់ព្រមស្តារឡើងវិញ នូវទំនាក់ទំនងការទូត ពេញលេញ បន្ទាប់ពីទំនាក់ទំនង ដ៏តានតឹងជាច្រើនឆ្នាំ ខណៈដែលអ្នកទាំងពីរ កំពុងស្វែងរកការធ្វើឱ្យប្រសើរឡើង នូវមុខតំណែងក្នុងតំបន់ និងអន្តរជាតិ របស់ពួកគេ។

ការិយាល័យ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រទេសទាំងពីរនឹងផ្លាស់ប្តូរ ឯកអគ្គរដ្ឋទូតម្តងទៀត ក្នុងរយៈពេលជាង៤ឆ្នាំ បន្ទាប់ពីពួកគេ ត្រូវបានហៅត្រឡប់មកវិញ។

លោក Lapid បានសរសើរទង្វើនេះថាជា “ទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់ស្ថិរភាពក្នុងតំបន់ និងជាព័ត៌មានសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ពលរដ្ឋអ៊ីស្រាអែល”។ ម៉្យាងវិញទៀត រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ដែលកាលពីខែឧសភា បានទៅបំពេញទស្សនកិច្ច ជាលើកដំបូង ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយអ្នកការទូតកំពូលតួកគី ចាប់តាំងពីឆ្នាំ២០០៧ ក៏បានសរសើរ ការផ្លាស់ប្តូរនេះថា ជាការអភិវឌ្ឍន៍ដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។

នៅពេលដែលសម្ព័ន្ធមិត្តជិតស្និទ្ធ ទំនាក់ទំនងអ៊ីស្រាអែល-តួកគី បានឆ្លងកាត់វិបត្តិជាច្រើន។ ក្នុងឆ្នាំ២០១០ តួកគី បានកាត់ផ្តាច់ទំនាក់ទំនងការទូត របស់ខ្លួន ជាមួយអ៊ីស្រាអែល បន្ទាប់ពីកងកុម្ម៉ង់ដូ អ៊ីស្រាអែល បានវាយឆ្មក់លើកងនាវាតួកគី ដែលដឹកនាំដោយកប៉ាល់ Mavi Marmara ដែលនាំយកជំនួយទៅកាន់ តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានបិទ ដោយបានសម្លាប់សកម្មជនតួកគីចំនួន ១០នាក់។

ទំនាក់ទំនងទ្វេភាគីត្រូវបានស្តារឡើងវិញនៅឆ្នាំ២០១៦ បន្ទាប់ពីអ៊ីស្រាអែល បានយល់ព្រមបង់ប្រាក់ចំនួន ២០លានដុល្លារ ដល់គ្រួសារជនរងគ្រោះ នៅលើកប៉ាល់ Mavi Marmara ។

ទោះជាយ៉ាងណាក៏ដោយ តួកគ និងអ៊ីស្រាអែលបានបណ្តេញអ្នកការទូតកំពូលរបស់គ្នា ទៅវិញទៅមក នៅក្នុងឆ្នាំ២០១៨ ចំពេលមានការឈ្លោះប្រកែកគ្នា អំពីការសម្លាប់ជនជាតិ ប៉ាឡេស្ទីន ៦០នាក់នៅហ្គាហ្សា អំឡុងពេលការតវ៉ារបស់ពួកគេ ប្រឆាំងនឹងការបើកស្ថានទូតអាមេរិក នៅទីក្រុងយេរ៉ូសាឡឹម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top