គ្វីតូ៖ អ្នកវិភាគនយោបាយ ដែលមានមូលដ្ឋាន នៅអេក្វាឌ័រ បានឲ្យដឹងថា ដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្ត អាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ ដែលជាបទដ្ឋានមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយ ក្នុងការគ្រប់គ្រងទំនាក់ទំនង អន្តរជាតិ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយស៊ីនហួ លោក Milton Reyes អ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលសម្រាប់ ការសិក្សាចិន នៅវិទ្យាស្ថានសិក្សាជាតិជាន់ខ្ពស់ របស់អេក្វាឌ័រ បានឲ្យដឹងថា សហគមន៍អន្តរជាតិទទួលស្គាល់ គោលការណ៍ចិនតែមួយ ហើយសហរដ្ឋអាមេរិកខ្លួនឯង ក៏បានបញ្ជាក់យ៉ាងច្បាស់ ពីការទទួលស្គាល់របស់ខ្លួន ថានៅទីនោះ គឺ ចិនតែមួយ ហើយតៃវ៉ាន់ គឺជាផ្នែកមួយ របស់ចិន។
លោក Reyes បានលើកឡើងថា ដូច្នេះ ដំណើរទស្សនកិច្ច របស់លោកស្រី Pelosi ផ្ទុយនឹងពាក្យសម្ដីផ្ទាល់ របស់ទីក្រុងវ៉ាស៊ីនតោន និងប៉ះពាល់ដល់ទំនាក់ទំនង របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង។
អ្នកវិភាគបានបន្ដថា ការឆ្លើយតបរបស់ចិន ចំពោះដំណើរទស្សនកិច្ច របស់លោកស្រី Pelosi គឺ “សមហេតុផលណាស់” ដោយបន្ថែមថា “ចិនកំពុងអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការមានជំហររឹងមាំ លើផលប្រយោជន៍ អធិបតេយ្យភាពរបស់ខ្លួន”។
លោក Reyes បានបន្ថែមថា វិស័យមួយចំនួន នៅក្នុងគ្រឹះស្ថាន របស់សហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើត “ការខ្វែងគំនិតគ្នា” ជាមួយប្រទេសធំៗ ផ្សេងទៀត ដើម្បីបញ្ឆេះការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា