បរទេស ៖ សេវាគយសហព័ន្ធ ឬរុស្ស៊ី (FTS) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការឃុបឃិតអន្តរជាតិ មួយដើម្បីរត់ពន្ធមាស ទម្ងន់ ២២៥គីឡូក្រាម ដែលមានតម្លៃប៉ាន់ស្មាន ៧៦០ ពាន់លានរូប្លែ (ប្រហែល ១២,៧ លានដុល្លារ) តាមរយៈទីក្រុងម៉ូស្គូ ត្រូវបានរារាំងដោយភ្នាក់ងារគយ ដែលមានភ្នែកមុតស្រួច ។ គម្រោងនេះមានពាក់ព័ន្ធនឹងអ្នកដំណើរ ពីរក្រុមដែលមានអ្នកដំណើរ៣នាក់ ដែលបានដោះដូរវ៉ាលីគ្នានៅក្នុងអាកាសយានដ្ឋាន Vnukovo។ ក្រុមដែលទៅប្រទេសអារ៉ាប់រួម ត្រូវបានចាប់បានជាមួយនឹងដុំមាស ជាច្រើននៅក្នុងកាបូបរបស់ពួកគេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា FTS បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការប៉ុនប៉ងលួចបានធ្វើឡើង នៅថ្ងៃទី ១១ ខែសីហា ។ យោងតាមសេវាគយ គឺមានជនជាតិអាមេនីបីនាក់ បានរត់ពន្ធមាសនៅខាង ក្នុងអាកាសយានដ្ឋាន ក្នុងកាបូបរបស់ពួកគេ។ ដោយសារអាមេនីជាសមាជិក នៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ពួកគេមិនស្ថិតនៅក្រោមការ គ្រប់គ្រងគយទេ។ យ៉ាងណាក៏ដោយ ពេលចូលទៅក្នុងនោះ ពួកគេបានដោះដូរវ៉ាលី ជាមួយនឹងពលរដ្ឋរុស្សីបីនាក់ ដែលចូលមកដោយមានវ៉ាលីទទេ។ ជនជាតិរុស្សី គឺស្ថិតនៅក្នុងដំណើរទៅកាន់ទីក្រុង ឌូបៃក្នុងប្រទេសអារ៉ាប់រួម ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីគយ ដែលឃ្លាំមើលកាមេរ៉ាសុវត្ថិភាពរបស់អាកាសយានដ្ឋាន បានកត់សម្គាល់ ឃើញនូវអ្វីដែលចម្លែក គឺអ្នកដំណើរ៣នាក់បានប្រឹងយ៉ាងខ្លាំង ក្នុងការអូសវ៉ាលីដែលមានកង់ ។ ពួកគេបានចាប់ផ្តើមដើរ តាមអ្នកទាំងបី ហើយបានឃើញពួកគេដោះដូរ កាបូបជាមួយបុរសផ្សេងទៀត ដោយបន្តទៅច្រកទ្វារ សម្រាប់ ការហោះហើរ Yerevan ។ ក្រុមត្រួតពិនិត្យផ្នែកគយ បានសម្រេចចិត្តធ្វើការត្រួតពិនិត្យ នៅនឹងកន្លែងលើអ្នកដំណើរ ដែលធ្វើដំណើរទៅកាន់ UAE ដែលបានឡើងយន្តហោះ ៕