គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានពិភាក្សាអំពីលទ្ធភាព សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ជាមួយការអញ្ជើញមកទស្សនកិច្ច របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល អ៊ុយក្រែនបានឲ្យដឹងដូច្នេះ ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Lviv ភាគខាងលិចរបស់អ៊ុយក្រែន លោក Zelensky បានថ្លែងថា ក្រុងគៀវបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ លុះត្រាតែមានការដកទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែន ។
សម្រាប់ផ្នែករបស់គាត់ លោក Erdogan បានលើកឡើងថា តួកគី នឹងផ្តល់ការគាំទ្រចាំបាច់ទាំងអស់ ដើម្បីបន្តការចរចាដើម្បីបញ្ចប់ជម្លោះ ។
លោក Erdogan បានថ្លែងថា កិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី អាចផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងខែមីនា នៅទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បានលើកឡើងថា តួកគី ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជា អ្នកសម្រុះសម្រួលក្នុងការចរចា ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោក Guterres បានអំពាវនាវឲ្យមានការ រំសាយអាវុធនុយក្លេអ៊ែរ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ។ រោងចក្រដែលជារោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុតមួយនៅអឺរ៉ុប បានស្ថិតនៅក្រោមការគ្រប់គ្រង របស់កងកម្លាំងយោធារុស្ស៊ី តាំងពីដើមខែមីនាមកម្ល៉េះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា