ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អាហារកំប៉ុង ដែលត្រូវបានចាក់សោ ក្នុងប្រអប់បង្ការការលួចជាស្រមោល នៃវិបត្តិជាតិអាមេរិក

សាច់កំប៉ុងដែលមានតម្លៃត្រឹមតែ៣,៩៩ដុល្លារអាមេរិក ត្រូវគេលក់ដោយចាក់សោ ក្នុងប្រអប់បង្ការការលួច? ហាងលក់ទំនិញមួយចំនួនត្រូវចោរលួច៤ដងក្នុងពេលតែមួយយប់? រឿងដែលនឹកស្មានមិនដល់ទាំងនេះក៏បានកើតឡើងនៅក្រុងញូវយ៉កដែលជាទីក្រុងធំទីមួយរបស់សហរដ្ឋអាមេរិក ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ករណីបទឧក្រិដ្ឋលួចនៅក្រុងញូវយ៉កបានកើនឡើងយ៉ាងខ្លាំង ដូច្នេះ ហាងលក់ទំនិញនិងផ្សារទំនើបមួយចំនួនបានចាត់វិធានការការពារខ្លួនដោយខានពុំបាន ឧទាហរណ៍ដូចជាចាក់សោឱ្យទំនិញតម្លៃថោកមានសាច់កំប៉ុង ថ្នាំដុសធ្មេញនិងសាប៊ូជាដើម ។ អត្ថបទបង្ហាញថា ទិដ្ឋភាពនេះជាស្រមោលនៃវិបត្តិជាតិអាមេរិក ។

បច្ចុប្បន្ននេះ វិបត្តិអត្រាបទឧក្រិដ្ឋខ្ពស់មួយលើកកំពុងរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក ។ ក្រៅពីសំណុំរឿងលួចបានកើនឡើង អំពើហិង្សាដោយកាំភ្លើងនិងបទឧក្រិដ្ឋចងគំនុំក៏បានក្លាយជាសុបិនអាក្រក់របស់ជនជាតិអាមេរិកផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ វិទ្យុផ្សាយសំឡេងសាធារណៈជាតិអាមេរិកបានផ្សាយដំណឹងឱ្យដឹងថា អ្នកធ្វើការនៅវិថី Wall Street មួយចំនួនមិនចង់វិលត្រឡប់ទៅការិយាល័យវិញដោយសារកើតបទឧក្រិដ្ឋជាច្រើន ហើយឧត្តមមន្រ្តីនៃក្រុមហ៊ុនត្រូវជួយពួកគេពុះពារភាពភ័យខ្លាចផ្លូវចិត្តបែបនេះ ។

ភាពភ័យខ្លាចផ្លូវចិត្តបែបនេះមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ ។ តាមរបាយការណ៍អំពីបទឧក្រិដ្ឋពាក់កណ្តាលឆ្នាំ២០២២របស់សហរដ្ឋអាមេរិកដែលប្រកាសដោយគណៈកម្មាធិការយុត្តិធម៌ព្រហ្មទណ្ឌដែលជាអង្គការមិនចូលរួមគណបក្សណាមួយរបស់សហរដ្ឋអាមេរិកនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា បើមើលពីទិន្នន័យឆមាសទីមួយដែលបូករួមទាំងទីក្រុងចំនួន២៣ទូទាំងសហរដ្ឋអាមេរិក តួលេខនៃករណីប្រហារជីវិតបានកើនឡើង៣៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។ ក្រៅពីនេះ ក្នុងចំណោមទីក្រុងសំខាន់ៗចំនួន២៩របស់សហរដ្ឋអាមេរិក បទឧក្រិដ្ឋដែលធ្វើឱ្យមនុស្សរងរបួសធ្ងន់និងបទឧក្រិដ្ឋឆក់ប្លន់បានកើនឡើង៤ភាគរយនិង១៩ភាគរយដោយឡែកពីគ្នា ហើយបទឧក្រិដ្ឋខាងទ្រព្យសម្បត្តិបានកើនឡើង៦ភាគរយ ចំណែកឯបទឧក្រិដ្ឋលួចបានកើនឡើង២០ភាគរយ ។

អត្រាបទឧក្រិដ្ឋខ្ពស់ជាជំងឺរ៉ាំរ៉ៃនៃសង្គមអាមេរិក ដែលកកើតឡើងដោយសារបញ្ហាជាច្រើនដូចជាអំពើហិង្សាដោយកាំភ្លើង ការរើសអើងខាងពូជសាសន៍ គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកក្រនិងអ្នកមាននិងភាពអយុត្តិធម៌ផ្នែកច្បាប់ជាដើម ។
ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទទួលភាពបរាជ័យដែលបង្កផលប៉ះពាល់ដល់សង្គម ដល់ទំនាស់ក្នុងសង្គមក្នុងរយៈពេលយូរកាន់តែលេចធ្លោ រដ្ឋាភិបាលអាមេរិកដឹងច្បាស់លាស់ពីមូលហេតុដែលបណ្តាលឱ្យបទឧក្រិដ្ឋបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែធ្វើពុតជាគជាថ្លង់ ។ ពិតមែនតែចំនួនប្រជាជនអាមេរិកគ្រាន់តែត្រូវជា៥ភាគរយនៃចំនួនប្រជាជនសរុបទូទាំងពិភពលោកក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកទោសត្រូវជា២៥ភាគរយនៃពិភពលោក ។ ដូច្នេះ អត្រាចាប់ឃុំនៅសហរដ្ឋអាមេរិកត្រូវជា៥ដងនៃអត្រាចាប់ឃុំឃាំងគិតជាមធ្យមនៅទូទាំងពិភពលោក ។

ក្នុងនាមជាមហាអំណាចតែមួយគត់លើទូទាំងពិភពលោក តែអ្នកផងទាំងពួងបានរស់នៅក្នុងភាពភ័យខ្លាចដែលអសន្តិសុខ ។ នេះជាភាពបរាជ័យនៃអភិបាលកិច្ចរបស់រដ្ឋាភិបាលអាមេរិក ហើយក៏ជាស្នាមប្រឡាក់នៃសិទ្ធិមនុស្សបែបអាមេរិកផងដែរ ។

ដើម្បីការពារខ្លួនឯង ជនជាតិអាមេរិកកាន់តែច្រើនឡើងៗបានទិញកាំភ្លើង ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះក៏នាំឱ្យមនុស្សកាន់តែច្រើនព្រួយបារម្ភចំពោះសុវត្ថិភាព ពោលគឺបង្កើតជាដំណើរវិលជុំដ៏អាក្រក់មួយ ។ មិនដឹងថា តើសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយនេះបានគិតថា ប្រទេសខ្លួនអាចឆ្លងកាត់វិបត្តិជាតិលើកនេះឬអត់?

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top