បរទេស៖ កាសែត អាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយស្រង់ប្រភពដែលស្និតនឹងបញ្ហាថា មេដឹកនាំចិនលោក Xi Jinping អាចធ្វើដំណើរទៅកាន់អាស៊ីកណ្តាលក្នុងខែកញ្ញា ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មាន ការិយាល័យរបស់លោក Xi បានបង្ហាញក្នុងសប្តាហ៍នេះថា លោកអាចនឹងចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Samarkand ប្រទេស Uzbek នៅថ្ងៃទី១៥ និង ១៦ ខែកញ្ញា។ មេដឹកនាំនៃប្រទេសប៉ាគីស្ថាន ឥណ្ឌា និងតួកគី ដែលត្រូវបានគេរំពឹងថានឹងមកដល់ផងដែរ។
ខណៈពេលដែលវិមានក្រឹមឡាំង បានបញ្ជាក់ត្រឡប់មកវិញកាលពីខែកក្កដាថា លោកពូទីននឹងចូលរួមក្នុងកិច្ចប្រជុំកំពូល SCO ភាគីរុស្ស៊ីមិនទាន់បានបញ្ជាក់ថាតើលោកពូទីននឹងធ្វើដំណើរទៅ Samarkand ឬចូលរួមដោយតំណវីដេអូតាមអនឡាញ នោះទេ។
មនុស្សមួយចំនួនដែលបាននិយាយទៅកាន់ WSJ បានអះអាងថា ការសម្រេចចិត្តរួមបញ្ចូលការធ្វើដំណើរ ក្នុងកាលវិភាគរបស់លោក Xi ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានបរាជ័យក្នុងការរារាំងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ កាលពីដើមខែនេះ។
ពួកគេពន្យល់ថា ចាប់តាំងពីដំណើរទស្សនកិច្ចនេះត្រូវបានទីក្រុងប៉េកាំងមើលឃើញថាជាសញ្ញានៃសម្ពាធរបស់លោកខាងលិចមកលើប្រទេសចិន ដំណើរទៅកាន់អាស៊ីកណ្តាលនឹងបញ្ជាក់ពីចេតនារបស់មេដឹកនាំចិន ក្នុងការប្រឆាំងដោយការកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេស ដែលមិនមែនជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ណៃ តុលា