ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើង ដោយភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់អស់ចំនួន៥០នាក់ នៅភាគខាងជើង និងភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ។
ភ្លៀងបានជន់លិចភូមិដ្ឋានរាប់រយខ្នង ដោយបានបោកបក់ផ្ទះអស់ ហើយធ្វើឱ្យអ្នកស្រុកជាប់គាំង ខណៈក្រុមជួយសង្គ្រោះបាននឹងកំពុងប្រញាប់ប្រញាល់ដើម្បីជម្លៀសអ្នកនៅរស់រានមានជីវិតចេញពីកន្លែងរងគ្រោះ ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ការិយាល័យអាកាសធាតុ សហព័ន្ធបានព្យាករណ៍ថា ប្រទេសឥណ្ឌា ទំនងជាទទួលបានបរិមាណទឹកភ្លៀងជាមធ្យមក្នុងខែសីហា និងខែកញ្ញា ដោយចង្អុលបង្ហាញពីទិន្នផលដំណាំល្អ សរុបនៅក្នុងសេដ្ឋកិច្ចធំទី៣របស់អាស៊ី ដែលពឹងផ្អែកលើការធ្វើកសិកម្ម ដើម្បីបង្កើនកំណើន និងបង្កើតការងារ ។
ការធ្វើកសិកម្មបានរួមចំណែកប្រហែល ១៥ភាគរយ ដល់សេដ្ឋកិច្ច ២,៧ពាន់ពាន់លានដុល្លាររបស់ឥណ្ឌា ខណៈដែលទ្រទ្រង់ប្រជាជនជាងពាក់កណ្តាល នៃចំនួន១,៣ពាន់លាននាក់ ។
ភ្លៀងធ្លាក់ខ្លាំង លាយឡំដោយគ្រោះបាក់ដី និងគ្រោះទឹកជំនន់ នៅក្នុងរដ្ឋហិម៉ាឡៃ នៃរដ្ឋ Himachal Pradesh ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់៣៦នាក់ នេះបើតាមមន្ត្រីរដ្ឋាភិបាលរដ្ឋ បានប្រាប់ដល់ទីភ្នាក់ងារ Reuters ដូច្នេះ ។
នៅរដ្ឋ Uttarakhand ដែលជាតំបន់ភ្នំជិតខាង ការចេញផ្សាយផ្លូវការរបស់រដ្ឋាភិបាល បានឲ្យដឹងថា មនុស្ស៤នាក់បានស្លាប់ និង១៣នាក់កំពុងបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។
លោក Ranjit Kumar Sinha មន្ត្រីនៅនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយនៃ Uttarakhand បានលើកឡើងថា “យើងបានដាក់ពង្រាយកំណាត់ឈើ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់គាំង នៅតំបន់ដាច់ស្រយាល ដោយសារឧប្បត្តិហេតុទាក់ទងនឹងភ្លៀង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា