វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិក បញ្ជូនយន្តហោះចម្បាំងធុន F-22 Raptor រាប់សិបគ្រឿងទៅកាន់តំបន់ប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងជាមួយចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BillCyber។
កងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ជាច្រើនគ្រឿងទៅធ្វើសមយុទ្ធ នៅភាគខាងលិចប៉ាស៊ីហ្វិកក្នុងខែនេះ ដែលជាការដាក់ពង្រាយយន្តហោះ ដ៏មានអានុភាពដ៏ធំមិនធម្មតា ដែលអ្នកវិភាគនិយាយថា ជាផ្ញើសារខ្លាំងទៅកាន់សត្រូវ ដែលអាចកើតមាននៅក្នុងប្រទេសចិន។
កងកម្លាំងទ័ពអាកាសប៉ាស៊ីហ្វិក នៅកោះហាវ៉ៃក្នុងសប្តាហ៍នេះបានឲ្យដឹងថា យន្តហោះ F-22 Raptor ប្រហែល ២៥គ្រឿងមកពីឆ្មាំជាតិអាកាសហាវ៉ៃ និងពីមូលដ្ឋានរួម Elmendorf-Richardson រដ្ឋ Alaska នឹងត្រូវដាក់ពង្រាយក្នុងខែនេះ ទៅកាន់កោះ Guam និង Tinian សម្រាប់ប្រតិបត្តិការ Pacific Iron 2022 ។
យន្ដហោះចម្បាំងធុន F-22 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលជាយន្តហោះចម្បាំង ទំនើបបំផុតក្នុងពិភពលោក រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបាំងកាយ និងភ្ជាប់ប្រព័ន្ធឧបករណ៍ចាប់សញ្ញា នៅលើយន្តហោះជាមួយនឹង ប្រព័ន្ធព័ត៌មានក្រៅយន្តហោះ ដើម្បីផ្តល់ឱ្យអ្នកបើកយន្តហោះ របស់ពួកគេនូវទិដ្ឋភាពលម្អិត នៃកន្លែងប្រយុទ្ធ។
លោក Carl Schuster អ្នកវិភាគការពារជាតិដែលមាន មូលដ្ឋាននៅកោះហាវ៉ៃ និងជាអតីតនាយកប្រតិបត្តិការនៅប៉ាស៊ីហ្វិក បានលើកឡើងថា ការដាក់ពង្រាយយន្តហោះ F-22 ជាច្រើនគ្រឿងសម្រាប់សមយុទ្ធ ជាការផ្ញើសារដោយផ្ទាល់ទៅកាន់ប្រទេសចិន នៅពេលទំនាក់ទំនងតានតឹង លើតំបន់ប៉ាស៊ីហ្វិក ដូចជាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលការដាក់ពង្រាយយន្ដហោះ F-22 ជាធម្មតាមានយន្តហោះពី ៦ ទៅ ១២ គ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា