ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដដឹកជញ្ជូនប្រេង ដែលលួចបានពីស៊ីរី ទៅកាន់មូលដ្ឋាននៅអ៊ីរ៉ាក់

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកប្រេងចំនួន ១៣៧ គ្រឿងពីតំបន់ប្រេង នៅភាគឦសានប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ដែលជាការដឹកជញ្ជូន ចុងក្រោយបំផុតនៃប្រេងស៊ីរី ដែលត្រូវបានលួចត្រូវបញ្ជូន ទៅមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

ប្រភពពី SANA បានឲ្យដឹងថា ការដឹកជញ្ជូនចុងក្រោយបង្អស់ ត្រូវបានបញ្ជូនជាពីរក្រុម ពីតំបន់ប្រេងក្នុងខេត្ត Hasakah ភាគឦសាននៅព្រឹកថ្ងៃអាទិត្យ ដោយមានជំនួយពី កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយជនជាតិឃឺដ។

ជាមួយនឹងការដឹកជញ្ជូនចុងក្រោយនេះ សហរដ្ឋអាមេរិក បានយករថយន្ដដឹកប្រេងស៊ីរីសរុបចំនួន ៥៣៥គ្រឿង ចាប់តាំងពីថ្ងៃទី១១ ខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលួចធនធានធម្មជាតិ នៅក្នុងប្រទេសស៊ីរី ដូចជាប្រេង ឧស្ម័ន និងស្រូវសាលី។ កាលពីថ្ងៃទី០៨ ខែសីហា ក្រសួងប្រេងស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និងទាហានស៊ីឈ្នួលរបស់ខ្លួន កំពុងលួចប្រេងជាមធ្យម ៦៦០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងប្រទេសស៊ីរី ប្រហែល ៨០ភាគរយ នៃផលិតកម្មប្រេងរបស់ប្រទេសស៊ីរី។

គួរបញ្ជាក់ថា វិបត្តិដ៏អូសបន្លាយនេះបានធ្វើឱ្យ ឧស្សាហកម្មប្រេងរបស់ប្រទេសស៊ីរី ខាតបង់ដោយផ្ទាល់ និងដោយប្រយោលចំនួន ១០៥ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top