តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា កោះតៃវ៉ាន់ ចង់ធានាឱ្យដៃគូ របស់ខ្លួនមាន ការផ្គត់ផ្គង់ ឧបករណ៍អេឡិចត្រូនិក ដែលអាចទុកចិត្តបាន ឬ ហៅថា “បន្ទះសៀគ្វីប្រជាធិបតេយ្យ” លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់អភិបាលរដ្ឋ Indiana របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ដោយលើកឡើងថា ការគំរាមកំហែង របស់ប្រទេសចិន មានន័យថា ប្រទេសប្រជាធិបតេយ្យ ផ្សេងទៀតត្រូវតែសហការ ។
អភិបាល Eric Holcomb កំពុងធ្វើទស្សនកិច្ចលើកទី៣ក្នុងខែនេះ ដោយគណៈប្រតិភូអាមេរិក បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរមួយរយៈពេលខ្លី ដោយធ្វើឱ្យប្រទេសចិន ខឹងសម្បារ ដែលចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ។
មួយសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកស្រី Pelosi សមាជិកសភាអាមេរិកចំនួន៥រូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា Ed Markey បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ។
ប្រទេសចិន បានធ្វើសមយុទ្ធយោធាយ៉ាងទូលំទូលាយ នៅជិតកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកស្រី Pelosi ។ កោះតៃវ៉ាន់ ច្រានចោលការទាមទារអធិបតេយ្យភាព របស់ទីក្រុងប៉េកាំង ដោយលើកឡើងថា មានតែប្រជាជនកោះនេះទេ ដែលអាចសម្រេចអនាគត របស់ពួកគេបាន ។
លោកស្រី Tsai បានប្រាប់ដល់លោក Holcomb ក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យ របស់ស្រីនៅក្នុងទីក្រុងតៃប៉ិថា “កោះតៃវ៉ាន់ បានប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសចិន នៅក្នុង និងជុំវិញ ច្រកសមុទ្រតៃវ៉ាន់” ។
លោកស្រីបានថ្លែងទៀតថា “នៅពេលនេះ សម្ព័ន្ធមិត្តប្រជាធិបតេយ្យ ត្រូវតែឈរជាមួយគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ” នៅក្នុងសុន្ទរកថាដែលបានផ្សាយផ្ទាល់ នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោកស្រី ។
ប្រទេសចិន មិនទាន់ធ្វើអត្ថាធិប្បាយ អំពីដំណើរទស្សនកិច្ចរបស់លោក Holcomb នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា