ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្សតិចបំផុត ២១នាក់ ក្រោយកងកម្លាំង បង្ក្រាបក្រុមសកម្មប្រយុទ្ធ វាយប្រហារ នៅក្នុងសណ្ឋាគារ មួយនៅសូម៉ាលី

ម៉ូហ្គាឌីស៊ូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខ បានបញ្ចប់ការឡោមព័ទ្ធ ដោយពួកសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនង នឹងអាល់កៃដា នៅសណ្ឋាគារមួយក្នុងរដ្ឋធានី របស់ប្រទេសសូម៉ាលី ដែលមនុស្សជាង២០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស នេះបើតាមអាជ្ញាធរ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

មនុស្សរាប់សិបនាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងការប្រឈមមុខដាក់គ្នា នៅសណ្ឋាគារ Hayat ក្នុងទីក្រុង Mogadishu ត្រូវបានដោះលែងវិញហើយ ។

កងកម្លាំងប្រដាប់អាវុធវរជន បានប្រយុទ្ធជាមួយពួកសកម្ម ប្រយុទ្ធអស់រយៈពេល៣០ម៉ោង ចាប់ពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីអ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារ ចូលទៅក្នុងសណ្ឋាគារ ដែលមានប្រជាប្រិយភាព ដែលមានវត្តមានសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលដទៃទៀត នៅក្នុងនោះ ។

លោក Ali Haji រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់ទូរទស្សន៍ជាតិ SNTV ថា “យើងបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានមនុស្សស្លាប់ចំនួន២១នាក់ និងរបួស១១៧នាក់ផ្សេងទៀត” ។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា “វាអាចទៅរួចដែលមានសាកសព ដែលមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានកប់ដោយសាច់ញាតិ ។ ចំនួនអ្នកស្លាប់ និងជនរងគ្រោះ គឺផ្អែកលើតួលេខដែលបញ្ជូន ទៅមន្ទីរពេទ្យប៉ុណ្ណោះ” ។

លោក Hassan ប្រធានក្រុមប៉ូលិស ដែលគ្រាន់តែប្រាប់ឈ្មោះ បានលើកឡើងថា អ្នកវាយប្រហារ៣នាក់ត្រូវបានបាញ់ សម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការយោធា ដើម្បីបញ្ចប់ការឡោមព័ទ្ធនេះ ។

លោក Hassan បានឲ្យដឹងថា ជនទី៤ ត្រូវបានបាញ់សម្លាប់ នៅក្នុងតំបន់កាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលរូបគេបានព្យាយាមបន្លំខ្លួន ចូលទៅក្នុងប្រជាជនស៊ីវិល ។ លោក Hassan បានបញ្ជាក់ថា ចំនួនពិតប្រាកដនៃអ្នកវាយប្រហារ នៅតែមិនច្បាស់លាស់នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top