ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងពិចារណា បេសកកម្មដ៏ធំមួយ នៅអ៊ុយក្រែន

បរទេស៖ យោងតាមការអះអាងរបស់មន្ត្រីកំពូល របស់សហភាពអឹរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថារដ្ឋមន្ត្រីនៃក្រសួងការពារជាតិ របស់ប្លុកអឺរ៉ុបនឹងធ្វើការពិភាក្សាគ្នា នៅក្នុងទីក្រុង Prague នាថ្ងៃទី២៩ខែសីហា ដើម្បីពិចារណាក្នុងការរៀបចំបេសកកម្មទ្រង់ទ្រាយធំ មួយហ្វឹកហាត់យោធាអ៊ុយក្រែន នៅតាមប្រទេសជិតខាង។

លោក Borrellបានថ្លែងបែបនេះថា៖ ខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំងថា អឺរ៉ុបនឹងអនុម័តផែនការនេះហើយ ច្បាស់ណាស់វាគឺជាបេសកកម្មដ៏ធំមួយរបស់អឺរ៉ុបហើយទំហំរបស់វា គួរតែមានកម្រិតស្មើទៅនឹងស្ថានភាព នៃជម្លោះជាមួយនឹងរុស្សី។

លោកបន្តថា៖ វាគឺជារឿងដ៏គួរឲ្យសមហេតុផលមួយ ដែលសង្គ្រាមប្រយុទ្ធគ្នាអូសបន្លាយអស់ រយៈពេលជាយូរមកហើយមិនគួរទាមទារតែកិច្ចខិតខំផ្គត់ផ្គង់ អាវុធតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគួរតែជាការហ្វឹកហាត់និងការរៀបចំកម្លាំងទ័ព ឲ្យកាន់តែមានប្រសិទ្ធភាព។

គួរឲ្យដឹងដែរថា កន្លងមកមានតែសហរដ្ឋអាមេរិក និងអង់គ្លេសប៉ុណ្ណោះ ដែលមានបេសកកម្មហ្វឹកហាត់ យោធាអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធរបស់អឺរ៉ុបនិងក៏មានការហ្វឹកហាត់ ពីបច្ចេកទេសនៅក្នុងសមរភូមិប្រយុទ្ធផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top