ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មិនទាន់ទទួលបាន ការឆ្លើយតបរបស់អាមេរិក ចំពោះសំណើររស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់អឺរ៉ុប នៅឡើយ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់មិនទាន់ទទួលបានការឆ្លើយតប ណាមួយពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើថ្មីៗរបស់សហភាពអឺរ៉ុប ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅឡើយទេ ។

ធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោក Nasser Kanaani បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បានបញ្ជូនការឆ្លើយតបរបស់ខ្លួន ទាន់ពេលវេលាទៅនឹងសំណើ របស់សហភាពអឺរ៉ុប ដែលបានដាក់ចេញ នៅក្នុងជុំចុងក្រោយ នៃកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន នៅដើមខែសីហា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា អ៊ីរ៉ង់ តែងតែចូលរួមក្នុងការចរចានុយក្លេអ៊ែរ “យ៉ាងម៉ឺងម៉ាត់ ប្រកបដោយការស្ថាបនា និងការទទួលខុសត្រូវ” ដោយបន្ថែមថា ប្រទេសរបស់លោក បានបង្ហាញពីភាពបត់បែន សម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។

លោក Kanaani បានបន្ដថា កិច្ចចរចានុយក្លេអ៊ែរ បានដំណើរការល្អរហូតមកដល់ពេលនេះ ដោយសង្កត់ធ្ងន់លើបញ្ហា ដែលនៅសេសសល់ ទោះបីជាមានចំនួនតិចតួចក៏ដោយ មានសារៈសំខាន់ខ្លាំងណាស់ ហើយចាំបាច់ត្រូវមានការយល់ព្រម។

អ្នកនាំពាក្យរបស់អ៊ីរ៉ង់បានលើកឡើងថា ទីក្រុងតេអេរ៉ង់ បានស្វែងរកការសម្រេចបាន នូវកិច្ចព្រមព្រៀងមួយ ហើយអ្នកចរចារបស់ប្រទេសនេះបានចូលរួម ក្នុងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយនឹងគោលដៅ ការពារផលប្រយោជន៍ស្របច្បាប់ របស់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់។

លោក Kanaani បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះស្ថានភាពដដែល នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមានទំនួលខុសត្រូវ ចំពោះការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។

លោកបានបន្ថែមថា កិច្ចចរចានុយក្លេអ៊ែរ នឹងឈានទៅដំណាក់កាលបន្ទាប់ ប្រសិនបើសហរដ្ឋអាមេរិក បង្ហាញឱ្យឃើញក្នុងការអនុវត្តថា ខ្លួនមានឆន្ទៈនយោបាយ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ បន្ថែមពីលើការសន្យា និងការបញ្ចេញមតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top