ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអង់គ្លេស ប្រចាំនៅអាហ្សង់ទីន បានរៀបចំធ្វើការប្រកួតវីដេអូខ្នាតខ្លីអនឡាញ ដែលសំដៅចំពោះនិស្សិត ក្នុងដែនអាហ្សង់ទីន ដោយបានអះអាងថា អ្នកទទួលរង្វាន់អាចទៅធ្វើទេសចរណ៍ រយៈពេលមួយសប្តាហ៍ ដោយមិនគិតថ្លៃនៅប្រជុំកោះ Malvinas ។
ចំពោះការនេះ ក្រសួងការបរទេសអាហ្សង់ទីន បានចេញផ្សាយសេចក្តីប្រកាស សម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងថា អង់គ្លេស ធ្វើអ៊ីចឹង គឺមានគោលបំណងឃោសនាពី “ការកាន់កាប់” យ៉ាងពិតប្រាកដ ចំពោះប្រជុំកោះ Malvinas ហើយទាមទារឱ្យអង់គ្លេស គោរពតាមសេចក្តីសម្រេចចិត្ត នៃអង្គការសហប្រជាជាតិ ដើម្បីធ្វើការចរចា អំពីការវិវាទស្តីពីអធិបតេយ្យភាព របស់ប្រជុំកោះ Malvinas ។
នេះមិនមែនជាលើកទីមួយហើយ ដែលអង់គ្លេសប្រើកលល្បិចបែបនេះទេ ។ កាលពីខែកញ្ញាឆ្នាំ២០១៨ ស្ថានទូតអង់គ្លេស ប្រចាំនៅអាហ្សង់ទីន ក៏ធ្លាប់រៀបចំការប្រកួតស្រដៀងគ្នាដែរ ប៉ុន្តែត្រូវបានសកលវិទ្យាល័យ អាហ្សង់ទីន បដិសេធយ៉ាងដាច់ម៉ាត់ ។ បច្ចុប្បន្ននេះ អង់គ្លេស ប្រើកលល្បិចដូចគ្នាម្តងទៀត បន្តប្រើមធ្យោបាយអាក្រក់ លើយុវជន ប៉ុនប៉ងធ្វើឱ្យពួកគេ មានការស្វែងយល់ដ៏ខុសឆ្គង ពីប្រវត្តិសាស្ត្រ បំភាន់ភ្នែករបស់ពួកយុវជន ក៏ដូចជាពង្រឹង “ការកាន់កាប់” យ៉ាងពិតប្រាកដចំពោះប្រជុំកោះ Malvinas ជាបណ្តើរៗ ។
ប្រវត្តិសាស្ត្រអាចបញ្ជាក់ថា កាលពីឆ្នាំ១៨១៦ ពេលអាហ្សង់ទីនបម្រះខ្លួន ចេញពីការគ្រប់គ្រងអាណានិគម របស់អេស្ប៉ាញនិងទទួលឯករាជ្យ ក៏ទទួលបានអធិបតេយ្យភាព ចំពោះប្រជុំកោះ Malvinas ដែរ ប៉ុន្តែពេលអង់គ្លេសវាតទីអាណានិគម នៅតំបន់អាមេរិកខាងត្បូង បានកាន់កាប់ប្រជុំកោះ Malvinas ដោយកម្លាំងបាយកាលពីឆ្នាំ១៨៣៣ ។ កាលពីឆ្នាំ១៩៦៥ មហាសន្និបាតអង្គការ សហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្ត លេខ២០៦៥ ដោយដាក់បញ្ចូលបញ្ហាប្រជុំកោះ Malvinas ក្នុងក្របខ័ណ្ឌ “លុបចោលអាណានិគមនិយម” ហើយដាស់តឿនប្រទេសទាំងពីរ អង់គ្លេសនិងអាហ្សង់ទីន ដោះស្រាយការវិវាទតាមរយៈការចរចា ។
កាលពីឆ្នាំ១៩៨២ អាហ្សង់ទីន និងអង់គ្លេស បានផ្ទុះសង្គ្រាម ដោយសារបញ្ហាអធិបតេយ្យភាព របស់ប្រជុំកោះ Malvinas សង្គ្រាមលើកនេះបានដំណើរការ អស់រយៈពេល៧៤ថ្ងៃ ទីបំផុត អង់គ្លេសទទួលបានជ័យជម្នះ ។ ប៉ុន្តែ អាហ្សង់ទីនមិនដែលបោះបង់ចោល សំណូមពរនិងតម្រូវការចំពោះអធិបតេយ្យភាព របស់ប្រជុំកោះ Malvinas នោះទេ ។ គណៈកម្មាធិការពិសេសអំពីការគ្មានអាណានិគម និយមរបស់អង្គការ សហប្រជាជាតិ បានចេញសេចក្តីសម្រេចចិត្ត ជាង៣០លើក ដោយដាស់តឿនរដ្ឋាភិបាលអង់គ្លេស ធ្វើការចរចាជាមួយអាហ្សង់ទីន ហើយភាគីអាហ្សង់ទីនក៏បានចេញសេចក្តីអញ្ជើញ ជាច្រើនលើកដែរ ប៉ុន្តែសុទ្ធតែត្រូវបានអង់គ្លេស បដិសេធទាំងអស់ ។
ការពិតប្រវត្តិសាស្ត្រនៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់ ។ មិនថាភាគីអង់គ្លេសបង្ហាញសាច់ដុំដូចជា ធ្វើសមយុទ្ធយោធានិងដាក់ពង្រាយអាវុធ ការពារដែនអាកាស ឬក៏រៀបចំធ្វើការប្រកួត របស់និស្សិតដែលជា “កលល្បិចចាស់”ក៏ដោយ សុទ្ធតែមិនអាច បញ្ឆោតសហគមន៍អន្តរជាតិបានទេ ។
កាលពីខែមីនាឆ្នាំ២០១៦ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីប នៃអង្គការសហប្រជាជាតិបានកំណត់ថា ប្រជុំកោះ Malvinas ស្ថិតនៅដែនសមុទ្ររបស់អាហ្សង់ទីន ។ នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន សឹងតែប្រទេសទាំងអស់ បានគាំទ្រគោលជំហររបស់អាហ្សង់ទីន លើបញ្ហាប្រជុំកោះ Malvinas ។ ភាគីចិនក៏គាំទ្រយ៉ាងមុតមាំ នូវសំណូមពរដ៏ត្រឹមត្រូវ របស់អាហ្សង់ទីនចំពោះអធិបតេយ្យភាព របស់ប្រជុំកោះ Malvinas ដែរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន