ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ហេតុអ្វីបានជាអត្រា អតិផរណារបស់ចិន ទាបជាងប្រទេសដទៃ ក្នុងបរិបទបច្ចុប្បន្ន?

អតិផរណា ដែលសំដៅលើការរឡើងថ្លៃទំនិញ ឬសំដៅលើការបន្ថយអំណាចទិញ របស់អ្នកប្រើប្រាស់ ព្រោះទំនិញឡើងថ្លៃនោះ កំពុងកើតមាននៅបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ចូលមកដល់ឆមាសទី២ នៃឆ្នាំ២០២២នោះ ក៏ប៉ុន្តែប្រទេសចិន ត្រូវបានមើលឃើញថា មានអតិផរណាតិចតួច បើធៀបនឹងបណ្តាប្រទេស នៅលោកខាងលិច ក៏ដូចជា សហរដ្ឋអាមេរិក ជាដើមនោះ។

បញ្ហាជំងឺរាតត្បាតជាសកល រយៈពេលប្រមាណ ២ឆ្នាំចុងក្រោយ និងបញ្ហាសាំងឡើងថ្លៃ ព្រោះតែបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម ជាហេតុដែលនាំឲ្យទំនិញឡើងថ្លៃ ពាសពេញពិភពលោក ដែលជួបនឹងបញ្ហាអតិផរណាខ្ពស់។ យ៉ាងណាក៏ដោយ ប្រទេសចិនត្រូវបានមើលឃើញថា មានអតិផរណាតិចតួច ក្នុងបរិបទស្មុគស្មាញ ជាលក្ខណៈអន្តរជាតិ នាពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានធ្វើការវិភាគថា មូលហេតុចម្បងចំនួន២ ដែលចិនពុំសូវមានអតិផរណា រួមមាន៖ សន្តិសុខស្បៀង និងការអភិវឌ្ឍតាមបែបផែនចិន ដោយលោកបន្ថែមថា ការអភិវឌ្ឍតាមបែបផែនចិន គឺមាន៥ ចំណុចសំខាន់ៗ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន យ៉ាងដូច្នេះថា «ចាប់តាំងពីបើកទំព័រឆមាសទី២ សម្រាប់ឆ្នាំ២០២២នេះ ប្រទេសជាច្រើនក្នុងពិភពលោក កំពុងស្ថិតនៅក្នុងភាពមិននឹងនរ នៃកំណើនសេដ្ឋកិច្ច ហើយក៏កំពុងរងគ្រោះ នៃអត្រាអតិផរណា នៅក្នុងទីផ្សាររបស់ខ្លួនផងដែរ។ ចិនមានអតិផរណាតិចតួចព្រោះថា ប្រទេសចិនមានចំណុច ដ៏សំខាន់ចំនួនពីរ ដែលយើងពិនិត្យជារួមបាន ទីមួយ ឃើញថា ចិនគឺមានសន្តិសុខស្បៀង ដូចទៅនឹងប្រសាសន៍របស់លោក Xi Jingping ប្រធានរដ្ឋចិន ដែលបានលើកឡើងថា ស្បៀងក្នុងដៃមិនភិតភ័យក្នុងចិត្ត.. ប្រទេសចិន គឺជាប្រទេសមួយដែលមានផលិតផល កសិកម្មគ្រប់គ្រាន់ បំរើជូន ឬក៏បំពេញបានទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាជនចិន ដោយមិនឲ្យមានការខ្វះខាត។ ទី២៖ គឺការអភិវឌ្ឍតាមបែបផែនចិន មានប្រាំចំណុច ទី១៖ គឺការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ដូចយើងបានដឹងហើយថា បច្ចុប្បន្ននេះ ចិនបានប្រើបច្ចេកវិទ្យាជាច្រើន រួមទាំងបច្ចេកវិទ្យានៅក្នុងលំហរអវកាស ដែលអាចទាក់ទងពីលំហរអវកាស មកកាន់ផែនដី ដោយងាយស្រួល ហើយជាមួយគ្នានេះដែរ គឺការអភិវឌ្ឍប្រកបដោយនវានុវត្តន៍នេះ យើងឃើញថា នៅតាមវាលស្រែ នៅតាមវាលចម្ការរបស់ចិន សព្វថ្ងៃនេះ មិនមានភាពមមាញឹកនៃអ្នកចម្ការ អ្នកស្រែតទៅទៀតទេ ដោយសារតែគាត់បានប្រើប្រាស់ នូវបច្ចេកវិទ្យា ដោយមិនចាំបាច់បើក ដោយមនុស្ស។

ឧទាហរណ៍ ដូចជា ត្រាក់ទ័រ ដែលពុំមានមនុស្សបើក ជាដើម អញ្ចឹង ជាចំណុចមួយដែលសំខាន់ ដែលគាត់អាចបង្កើននូវកំណើន ទាក់ទងជាមួយនឹង ផលិតផលកសិកផលរបស់គាត់ ហើយជាមួយគ្នានេះដែរ ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ គាត់បានប្រើនូវមនុស្សយន្តច្រើនណាស់ តាមរយៈបញ្ញាសិប្បនិម្មិត AI របស់គាត់ សូម្បីតែរថយន្ត ដែលដឹកភ្ញៀវ ក៏មិនចាំបាច់មានអ្នកបើក ហើយក្រុមគ្រូពេទ្យមនុស្សយន្ត បច្ចុប្បន្ននេះ ក៏កំពុងដំណើរការ ក្នុងការពិនិត្យជំងឺ ជូនទៅដល់ប្រជាពលរដ្ឋចិន ថែមទៀតផង។ ទី២៖ គឺការអភិវឌ្ឍន៍ដែលមានលក្ខណៈបន្ស៊ីគ្នា គឺសំដៅធ្វើយ៉ាងម៉េចឲ្យស្ថានភាពនីមួយៗ មានលក្ខណៈមួយ គឺអាចនឹងគ្រប់គ្រងបាន ហើយនឹងកាត់ផ្តាច់ នូវគម្លាតរវាងអ្នកមាននិងអ្នកក្រ កាត់គម្លាតរវាងអ្នកទីក្រុង និងអ្នកជនបទ។ ទី៣៖ គឺការអភិវឌ្ឍបៃតង ដូចយើងបានដឹងហើយថា ចិននៅក្នុងផែនការ ៥ឆ្នាំ លើកទី១៤ របស់ខ្លួន បានចូលរួមយ៉ាងសកម្ម នៅក្នុងការសំដៅ ជំរុញឲ្យផែនការ ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៥នេះ គឺប្រទេសចិននឹងក្លាយទៅជាប្រទេស ដែលយើងលើកឡើងថា ភាពបៃតងឈានមុខ ហើយក៏ជាការចូលរួមជាមួយនឹងអង្គការសហប្រជាជាតិ ក្នុងកាអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ឆ្នាំ២០៣០ មានន័យថា ចិនត្រៀមខ្លួនរួចជាស្រេច ជូនទៅដល់អង្គការសហប្រជាជាតិ នៅក្នុងអភិវឌ្ឍប្រកបដោយចីរភាពហ្នឹង គឺចិនបានដើរមុន ៥ឆ្នាំទៅហើយ។ ទី៤៖ គឺការអភិវឌ្ឍរបស់ចិន មានការបើកទូលាយ គឺបច្ចេកវិទ្យា ឬក៏ បច្ចេកទេសរបស់ចិន សព្វថ្ងៃនេះ គឺមានលក្ខណៈមួយដែលបើកទូលាយ ក្នុងការទទួលយកអ្នកបច្ចេកទេសបរទេស ដើម្បីក្លាយជាធាតុចូលមួយ នៅក្នុងការអភិវឌ្ឍប្រទេសចិនផង ហើយប្រទេសចិនមានឆន្ទៈ ក្នុងការចែករំលែក នូវបច្ចេកទេសនិងបច្ចេកវិទ្យារបស់ខ្លួន ទៅកាន់បណ្តាប្រទេសផ្សេង សំដៅធ្វើឲ្យប្រទេសចិនបានឈានមុខ នៅក្នុងការអភិវឌ្ឍន៍ ឬក៏យើងលើកឡើងថា ផលិតផលចិន ហ្នឹង គឺមាននៅគ្រប់ទិសទី ក្នុងពិភពលោក ដែលធ្វើឲ្យចិនមិនមានភាពខ្វះខាត ទាក់ទងជាមួយនឹងផលិតផលនៃការប្រើប្រាស់ ឬក៏ផលិតផល ដែលបានបំពេញនូវតម្រូវការជូនដល់ប្រជាជន មិនត្រឹមតែសម្រាប់តែជនជាតិចិនទេ គឺពិភពលោកទាំងមូល ក៏បាននិងកំពុងប្រើប្រាស់ នូវផលិតផលរបស់ចិនផងដែរ។ ទី៥៖ គឺចិនមានការអភិវឌ្ឍប្រកបដោយ សុខុដុមនីយកម្ម គឺទាំងអស់គ្នា រួមរស់ នៅជាមួយគ្នា ក្នុងរូបភាពនៃសហគមន៍ជោគវាសនារួម ដែលចិនមានបទពិសោធន៍ រួចទៅហើយសម្រាប់ ៥៦ជនជាតិ នៅក្នុងប្រទេសចិន ដែលបានរួមរស់ ចែករំលែកឲ្យគ្នាទៅវិញទៅមក ហើយអភិវឌ្ឍន៍រួមគ្នា ពីស្រុក ពីភូមិ ពីតំបន់នីមួយៗ សុទ្ធតែមានការអភិវឌ្ឍ ដែលមានលក្ខណៈសុខុដុមនីយកម្ម ជាមួយគ្នា…ផ្លូវថ្នល់ ដែលយើងឃើញហើយ ដូចជា ផ្លូវល្បឿនលឿន រទេះភ្លើងល្បឿនលឿន ផ្លូវអាកាស ផ្លូវគោក ហើយនឹងផ្លូវដែកនេះ សុទ្ធតែបានតភ្ជាប់នៅក្នុងប្រទេសចិន ក្លាយទៅជាសរសៃឈាមមួយ ដែលមានទំនាក់ទំនងគ្នា មិនមានភាពដាច់។ លើសពីនេះទៀត ការអភិវឌ្ឍដោយមានលក្ខណៈសុខុដុមនីយកម្មនេះ គឺជាការរួមរស់នៅជាមួយគ្នា ដែលមានវប្បធម៌ចម្រុះ ប្រពៃណីចម្រុះ ជំនឿសាសនាចម្រុះ ហើយរស់នៅជាមួយគ្នា ដោយយកនូវគោលការណ៍រួម គឺការអភិវឌ្ឍរួមគ្នា ធ្វើជាមូលដ្ឋានសំខាន់ នៅក្នុងអភិវឌ្ឍនេះ»។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា ជារួម សន្តិសុខស្បៀង ជាមួយនឹងការអភិវឌ្ឍទាំង ៥ ដែលកើតចេញមកពីបទពិសោធនៃការអភិវឌ្ឍ ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល សុទ្ធតែឆ្លុះបញ្ជាំងនូវការយល់ដឹងស៊ីជម្រៅ របស់ថ្នាក់ដឹកនាំប្រទេសចិន ទាក់ទងនឹងអភិបាលកិច្ច ក្នុងវិស័យសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋានច្បាប់ មូលដ្ឋានគរុសភា រួមទាំងការអភិវឌ្ឍសង្គម ដោយពិនិត្យលើដំណោះស្រាយសន្តិសុខនានា ជាពិសេស ការរក្សាបាននូវសន្តិសុខស្បៀង ដែលចិនធ្លាប់បានឆ្លងកាត់រាប់ពាន់ឆ្នាំ រួចមកហើយនោះ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top