ព័ត៌មានអន្តរជាតិ

ពិភពលោកត្រូវការសមភាព មិនត្រូវការអនុត្តរភាពទេ

ក្នុងខណៈពេលដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿងដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនង រវាងប្រទេសចិន និងអាមេរិក កើតមានវិបត្តិ ។

ការលើកឡើងបែបនេះ មិនខុសពីការដើររុកកួនគេ ហើយចោទគេថាខុសទៀត វាក៏ឧបមាដូចជាចោរ ដែលលួចរបស់គេហើយ ពេលម្ចាស់គេតាមទាន់បែរជាចោទម្ចាស់គេ ថាបង្ករឿងទៅវិញ ។ មិនដឹងថាហេតុអ្វី បានជាអ្នកនយោបាយអាមេរិក មានមនោសញ្ចេតនាជ្រាលជ្រៅអ្វីម៉្លេះ ចំពោះការប្រើឡូហ្ស៊ីក ដ៏គួរឱ្យអស់សំណើចបែបនេះ ? ឬមួយវាជាទម្លាប់និងជាប្រពៃណី ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ?

ជាធម្មតា ការចោទប្រកាន់អ្នកដទៃ ត្រូវមានភស្តុតាងគ្រប់គ្រាន់ និងមានភាពត្រឹមត្រូវនិងសមហេតុផល មិនមែននិយាយតែមាត់ថា អ្នកនេះខុសអ្នកនោះត្រូវតាមតែទំនើងចិត្ត របស់ខ្លួននោះទេ ។ ជាក់ស្តែង ក្នុងករណីដែលកើតមានភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់លើកនេះ សហគមន៍អន្តរជាតិបានមើលឃើញ យ៉ាងច្បាស់ថា តើអ្នកណាជាដើមហេតុ ។ បើនិយាយដូចលោក Burns អ៊ីចឹង ចុះឧបមាថា ប្រសិនបើប្រទេសចិន ទៅបំពានអធិបតេយ្យ ភាពរបស់អាមេរិកវិញ តើអាមេរិកនឹងមានប្រតិកម្មយ៉ាងណា ?

ដូចអ្វីដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា តាំងពីដើមមក អាមេរិកបានតាំងខ្លួនជា«បងធំ»លើសគេលើពិភពលោករហូតមក មិនថាសម្ព័ន្ធមិត្តឬប្រទេសណាក្តី ត្រូវស្តាប់តាមបង្គាប់ របស់អាមេរិកជានិច្ច ព្រោះថាប្រសិនបើហ៊ានជំទាស់ នឹងត្រូវរងការដាក់ទណ្ឌកម្ម ឬសឹងតែត្រូវរងការវាយប្រហារ ឧទាហរណ៍ដូចជាករណី របស់ប្រទេសគុយបានិងអ៊ីរ៉ង់ជាដើម ដែល«មិនស្តាប់បង្គាប់»របស់អាមេរិក ក៏ត្រូវរងការដាក់ទណ្ឌកម្ម ខាងសេដ្ឋកិច្ចរហូតដល់បច្ចុប្បន្ន ដែលរារាំង ដល់ដំណើរអភិវឌ្ឍន៍ជាតិ របស់ប្រទេសទាំងនេះ ។

ជារៀងរាល់ឆ្នាំ អាមេរិកបានចេញរបាយការណ៍សិទ្ធិមនុស្ស នៃប្រទេសនានាលើពិភពលោក ដែលមានប្រទេសភាគច្រើនលើសលប់ សុទ្ធតែស្ថិតក្រោមការចោទប្រកាន់ថាមាន «បញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ» ហើយរបាយការណ៍នេះ បានក្លាយជាលេសដ៏«សមរម្យ» ដែលអាមេរិកប្រើជាអាវុធ សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ។

ងាកមកមើលពីស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសអាមេរិកវិញ ជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ ដែលត្រូវបាត់បង់ជីវិតក្រោម ចុងកាណុងកាំភ្លើង ជនជាតិដើមភាគតិច និងជនជាតិពណ៌សម្បុរផ្សេង ពិសេសជនជាតិស្បែកខ្មៅ បានរងការរើសអើងនិងអំពើហិង្សា រហូតដល់ត្រូវសម្លាប់ក៏មាន ។ ក្រៅពីនេះ នៅមានករណីដែលកុមារ ជនជាតិដើមភាគតិច រាប់រយនាក់ត្រូវធ្វើទារុណកម្ម និងត្រូវសម្លាប់យ៉ាងព្រៃផ្សៃ នៅឯសាលារៀន កាលពីអតីតកាលដែលធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ល។ ប៉ុន្តែ ករណីដែលប្រឡាក់ ដោយឈាមទាំងនេះមិនបានលើកឡើង សូម្បីតែបន្តិចក្នុងរបាយការណ៍សិទ្ធិមនុស្ស នៃប្រទេសអាមេរិកនោះទេ ពោលគឺ « សិទ្ធិមនុស្សរបស់អាមេរិកគឺល្អឥតខ្ចោះ» ។

ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា អង្គការសហប្រជាជាតិជាអង្គការ អន្តររដ្ឋាភិបាលអន្តរជាតិ ដែលបង្កើតឡើងដោយប្រទេសមានអធិបតេយ្យភាព ក្រោមកម្មវត្ថុ ៖ គាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព អន្តរជាតិដែលឈរលើមូលដ្ឋាន នៃគោលការណ៍គោរពសិទ្ធិស្មើភាព និងសិទ្ធិសម្រេចគោលនយោបាយដោយខ្លួនឯង របស់ប្រជាជននៃប្រទេសនានាជាដើម ។ ក្នុងន័យនេះ មិនថាប្រទេសធំឬតូច មានឬក្រ សុទ្ធតែត្រូវមានសិទ្ធិស្មើគ្នា ។

និយាយចំពោះប្រទេសមួយដែលមានអធិបយ្យភាព និងបូរណភាពទឹកដីពេញលេញ ការគាំពារអធិបតេយ្យភាពនិងបូរណភាព ទឹកដីជាបន្ទាត់ក្រហមដែលមិនអាចបំពានបានជាដាច់ខាត ។ បើគ្មានអធិបតេយ្យភាព គឺគ្មានសេចក្តីថ្លៃថ្នូរជនជាតិ ប្រទេសជាតិក៏គ្មានសុខសន្តិភាព អាស្រ័យហេតុនេះ បញ្ហាអធិបតេយ្យភាពមិនមែន ជារឿងលេងសើចជាដាច់ខាត ។ ក្នុងករណីតំបន់ចិនតៃវ៉ាន់លើកនេះ ប្រទេសចិនបានឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់គឺដើម្បីគាំពារអធិបតេយ្យភាព ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន ដែលជារឿងចាំបាច់និងដាច់ខាត ត្រូវតែធ្វើក្នុងនាមជាប្រទេស មានអធិបតេយ្យភាពពេញលេញ ។

ការចងមិត្តស្ថិតត្រង់ភាពស្មោះត្រង់ ការបង្កើតទំនាក់ទំនងរវាងប្រទេស និងប្រទេសស្ថិតត្រង់ការគោរពគ្នានិងមានសមភាព ។ បច្ចុប្បន្នជាយុគសម័យ នៃពិភពលោកពហុប៉ូល និងពហុភាគីនិយម មិនមែនសម័យអាណានិគម និយមនោះទេ ពោលគឺពិភពលោក ត្រូវការសមភាព មិនត្រូវការអនុត្តរភាពទេ ហើយដើម្បីទទួលបានការអភិវឌ្ឍរួម និងវិបុលភាពរួម គឺមានតែការធ្វើកិច្ចសហប្រតិបត្តិការ ដោយស្មោះត្រង់ ការគោរពអធិបតេយ្យភាពគ្នា និងបោះបង់ចោលគំនិត«អញជាធំ» ទើបអាចឈានដល់លទ្ធផលឈ្នះ-ឈ្នះ តែមិនមែនផលបូកសូន្យ ដែលបង្ខូចដល់ផលប្រយោជន៍អ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួននោះឡើយ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top