បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោកស្រី Melanie Joly កាលពីថ្ងៃពុធម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលកាណាដា បានឈានទៅដល់ការសម្រេចចិត្ត ប្រគល់ម៉ាស៊ីនតួប៊ីន ចំនួន៥គ្រឿង ដែលខ្លួនបានបង្ខាំងទុកនោះ ទៅឲ្យរុស្សីវិញហើយតាមរយៈអាល្លឺម៉ង់។
ការយល់ព្រមប្រគល់តួប៊ីននេះ ទៅឲ្យរុស្សីវិញនោះ បានធ្វើឡើងនៅក្រោយពេលដែល មានដំណើរទស្សនកិច្ចរបស់អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលលោកបានធ្វើការសំណូមពរ ឲ្យមានការសម្រេចចិត្តបែបនេះហើយ ក្នុងនោះទោះបីជាមានការទាមទារពីសំណាក់អ៊ុយក្រែ នក្នុងការយកតួប៊ីនទៅកាន់កាប់ក្តី។
លោកស្រី Joly បានបន្ថែមថា៖ ការសម្រេចចិត្តបានធ្វើរួចរាល់ទៅហើយ ហើយនេះគឺជាអ្វីដែលអាល្លឺម៉ង់ បានសំណូមពរមកកាន់កាណាដា។ កាណាដា មិនចង់រកឡេសអ្វី មកបញ្ជាក់នោះឡើយ ខណៈដែលោក Putin នឹងប្រើប្រាស់អាវុធបែបថាមពលនេះ ចូលទៅកាន់អឺរ៉ុបបន្ថែមទៀត។
គួរឲ្យដឹងដែរថា កន្លងមកកាណាដាធ្លាប់បានយល់ព្រម ប្រគល់ឲ្យតែមួយប៉ុណ្ណោះ ក្នុងចំណោមតួប៊ីនទាំងអស់ ដែលបានបង្ខាំងទុកក្រោមការប្រកាសដាក់ទណ្ឌកម្មប្រឆាំងរុស្សី ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធមិនព្រមទទួលយក៕ ប្រែសម្រួល៖ស៊ុនលី