ព័ត៌មានអន្តរជាតិ

Update៖ មនុស្ស២២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី នៅស្ថានីយរថភ្លើងអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស២២នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី មកលើស្ថានីយ៍រថភ្លើងមួយរបស់អ៊ុយក្រែនកាលពីថ្ងៃពុធ  លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងខណៈដែលប្រជាជាតិរបស់គាត់ប្រារព្ធខួបនៃឯករាជ្យភាពរបស់ខ្លួន ពីការគ្រប់គ្រងរបស់សូវៀត ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ ។

លោក Zelenskyy បានព្រមានកាលពីថ្ងៃអង្គារអំពីហានិភ័យនៃ “ការបង្កហេតុរបស់រុស្ស៊ីដ៏គួរឱ្យស្អប់ខ្ពើម” នៅថ្ងៃបុណ្យឯករាជ្យ ដែលចៃដន្យ ក៏មានរយៈពេល៦ខែផងដែរ ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានលុកលុយអ៊ុយក្រែន ដោយប៉ះនឹងជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

នៅក្នុងវីដេអូសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លោក Zelenskyy បានថ្លែងថា គ្រាប់រ៉ុក្កែតបានវាយប្រហារមកលើរថភ្លើង នៅក្នុងទីក្រុងតូចមួយនៃ Chaplyne ចម្ងាយប្រហែល១៤៥គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Donetsk ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន ។ លោកបានថ្លែងថា ទូរថភ្លើងចំនួន៤បានត្រូវភ្លើងឆេះ ។

“ក្រុង Chaplyne គឺជាការឈឺចាប់របស់យើងនៅថ្ងៃនេះ ។ រហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន២២នាក់” លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាវីដេអូ នាពេលល្ងាចដោយបន្ថែមថា អ៊ុយក្រែន នឹងធ្វើឱ្យរុស្ស៊ី ទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង ដែលខ្លួនបានប្រព្រឹត្តឡើង ។

គាត់បានថ្លែងថា “យើងនឹងបណ្តេញអ្នកឈ្លានពាន ចេញពីទឹកដីរបស់យើងដោយគ្មានការសង្ស័យ ។ គ្មានដាននៃអំពើអាក្រក់នេះនឹងនៅតែមាននៅក្នុងអ៊ុយក្រែន ដែលមានសេរីភាពរបស់យើង”  ។

ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top