បរទេស៖ យោងតាមការវិភាគ និងរបាយការណ៍ស្រាវជ្រាវមួយចំនួន ដោយបណ្តាញសារព័ត៌មាន របស់លោកខាងលិចដែលមានដូចជា NBC News ជាដើមបានឲ្យដឹងថា អាវុធដែលអាមេរិកបានសន្យាផ្តល់ជា ជំនួយដល់អ៊ុយក្រែននាពេលកន្លងមកនោះ នឹងអាចចំណាយពេលច្រើនខែច្រើនឆ្នាំ មុនពេលដែលវាអាចធ្វើដំណើរមកដល់ ដៃយោធាអ៊ុយក្រែនក្នុងការប្រើប្រាស់។
កាលពីថ្ងៃអង្គារកន្លងមកសារព័ត៌មាន NBC បានចេញផ្សាយ និងពណ៍នាអំពីកញ្ចប់ជំនួយយោធា ដែលមានទំហំដល់ទៅ ៣ពាន់លានដុល្លារ របស់អាមេរិកទៅឲ្យអ៊ុយក្រែន គឺជាជំនួយដែលមានទំហំធំបំផុត របស់អ៊ុយក្រែនគិតមកដល់ពេលនេះ ប៉ុន្តែក្នុងចំណោម អាវុធទាំងនោះជឿជាក់ថា នឹងមិនអាចធ្លាក់ដល់ដៃរបស់យោធាភ្លាមឡើយ ក្នុងរយៈពេលជាច្រើនខែ ឬដល់ច្រើនឆ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះអាវុធមួយចំនួនទៀត ដែលបានសន្យាផ្តល់ឲ្យអ៊ុយក្រែននោះ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍ និងសាកល្បងនៅឡើយទេ។

ក្រៅពីសូម្បីតែកាសែត Associated Press ក៏បានចេញផ្សាយស្រដៀងគ្នាដែរថា អាវុធទាំងនោះនឹងត្រូវការពេលវេលា យ៉ាងហោចណាស់១ទៅ២ឆ្នាំ មុនពេលដែលវាអាចបញ្ចូនទៅដល់ សមរភូមិហើយអះអាងទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់ ក្តីរំពឹងទុកហើយថារុស្សី នឹងអ៊ុយក្រែននឹងបន្តធ្វើសង្គ្រាមប្រឆាំងគ្នា ក្នុងរយៈពេលជាច្រើនឆ្នាំបន្ថែមទៀត។
គួរឲ្យដឹងដែរថា កាលពីខែមុនរដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែនលោក Aleksey Reznikov បានធ្វើការអំពាវនាវឲ្យអ្នកផ្គត់ផ្គង់អាវុធ និងអ្នកផលិតអាវុធអន្តរជាតិទាំងឡាយ ក្នុងការប្រើប្រាស់ប្រទេសអ៊ុយក្រែន ជាទីតាំងសាកល្បងនិងតេស្តអាវុធថ្មីៗបាន ហើយគាត់សន្យាថា នឹងបញ្ចូនរបាយការណ៍អំពី ការសាកល្បងនោះត្រឡប់ទៅឲ្យពួកគេវិញផងដែរ បន្ទាប់ពីបានប្រើប្រាស់អាវុធថ្មីៗ ទាំងនោះរួចរាល់ ៕
ប្រែសម្រួល៖ស៊ុន លី
