តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសនេះបានទទួល តាមរយៈសហភាពអឺរ៉ុប ការឆ្លើយតបរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ ទីក្រុងតេអេរ៉ង់អំពីការដោះស្រាយ បញ្ហាលេចធ្លោនៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
ធ្វើការកត់សម្គាល់នៅក្នុង សេចក្តីថ្លែងការណ៍នៅលើ គេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានបន្ថែមថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ជូនប្រទេសអ៊ីរ៉ង់ ដោយប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប និងអ្នកសម្របសម្រួលនៃ កិច្ចពិភាក្សានៅទីក្រុងវីយែន លោក Josep Borrell ។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់បានចាប់ផ្តើមវាយតម្លៃទស្សនៈ របស់ភាគីអាមេរិកយ៉ាងប្រុងប្រយ័ត្ន ហើយនឹងជូនដំណឹងដល់ អ្នកសម្របសម្រួលអំពីទស្សនៈរបស់ខ្លួន បន្ទាប់ពីការបញ្ចប់ការពិនិត្យរបស់ខ្លួន។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយ រួមជាមួយមហាអំណាច ពិភពលោកក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹង ការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មជាឯកតោភាគី ឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ។
កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។
ជុំចុងក្រោយនៃកិច្ចចរចា នុយក្លេអ៊ែរត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីវីយែនរបស់ ប្រទេសអូទ្រីសកាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ខែ។ កាលពីថ្ងៃទី០៨ ខែសីហា សហភាពអឺរ៉ុបបានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ៕
ប្រែសម្រួល ឈូក បូរ៉ា