ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកំពុងចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក នៅទីក្រុងវីយែន

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងថា អ៊ីស្រាអែល ប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកំពុងចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក នៅទីក្រុងវីយែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Lapid បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​សន្តិសុខ​ សម្រាប់​សារព័ត៌មាន​បរទេស​នៅឯ​ការិយាល័យ ​នាយករដ្ឋមន្ត្រី​ក្នុង​ទីក្រុងយេរ៉ូសាឡឹមថា “កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ពិភាក្សា​ ដោយ​មហាអំណាច​ពិភពលោក ហើយ​អ៊ីរ៉ង់ មិនអាច​រារាំង​អ៊ីរ៉ង់​ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​បាន​ឡើយ​។

លោកបានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់រង្វាន់ដល់ប្រទេសអ៊ីរ៉ង់ នូវប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ “ដែលនឹងត្រូវបានប្រើ ដើម្បីធ្វើឱ្យខូចស្ថិរភាពនៅមជ្ឈិមបូព៌ា”។

មេដឹកនាំ​អ៊ីស្រាអែល​រូបនេះ ក៏​បាន​ព្រមាន​ថា អ៊ីស្រាអែលនឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់ ​ទទួល​បាន​គ្រាប់បែក​នុយក្លេអ៊ែរ​ឡើយ។ លោកបានបន្ដថា “យើងបានបញ្ជាក់យ៉ាងច្បាស់ ដល់មនុស្សគ្រប់គ្នា៖ ប្រសិនបើកិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខា វាមិនមានកាតព្វកិច្ចអ៊ីស្រាអែលនោះទេ។ យើងនឹងធ្វើសកម្មភាព ដើម្បីការពារអ៊ីរ៉ង់ពីការក្លាយជារដ្ឋនុយក្លេអ៊ែរ” ។

លោក Lapid បានបន្ថែមថា មាន “ការសន្ទនាបើកចំហ” ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក លើ “បញ្ហាទាំងអស់នៃការខ្វែងគំនិតគ្នា” ទាក់ទងនឹងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់។  អ៊ីរ៉ង់​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក Lapid នៅ​ឡើយទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top