តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានរាយការណ៍ ដោយដកស្រង់សម្តី ប្រធានអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ថា អ៊ីរ៉ង់គ្រោងនឹងសាងសង់យន្តហោះ ដឹកអ្នកដំណើរ ៥០កៅអី បើទោះបីជាមាន “សង្រ្គាមពេញលេញ” ដែលធ្វើដោយលោកខាងលិច ប្រឆាំងនឹងវិស័យអាកាសចរណ៍ របស់ប្រទេសក៏ដោយ។
លោក Mohammad Mohammadi-Bakhsh ប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAO) បានប្រាប់សន្និសីទមួយថា “យើងនឹងប្រើប្រាស់សមត្ថភាព ទាំងមូលរបស់យើង ដើម្បីធ្វើឱ្យទណ្ឌកម្ម មិនមានប្រសិទ្ធភាព ឬកាត់បន្ថយផលប៉ះពាល់ របស់វា” ។
លោក Mohammadi-Bakhsh បានលើកឡើងថា វេទិកាចំនួនបី សម្រាប់សាងសង់យន្តហោះ 50-, 72- និង ១៥០កៅអីត្រូវបានរៀបចំឡើង ដោយបន្ថែមថា CAO នឹងសាងសង់យន្តហោះដឹកអ្នកដំណើរ ៥០កៅអីនៅក្នុងជំហានដំបូង។
ប្រធាន CAO បានកត់សម្គាល់ថាគំនិតនៃការសាងសង់យន្តហោះដឹកអ្នកដំណើរគឺស្ថិតនៅក្នុងរបៀបវារៈរបស់ប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំមុនមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មួយថ្ងៃមុននេះ លោក Mohammadi-Bakhsh បាននិយាយថា ប្រហែល ៤០ភាគរយនៃកងយន្តហោះ ពាណិជ្ជកម្មរបស់អ៊ីរ៉ង់ គឺអសកម្មដោយសារតែការផ្គត់ផ្គង់ ផ្នែកខ្លះ ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។
កាលពីខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ហើយបានដាក់ទណ្ឌកម្ម ឯកតោភាគី របស់ខ្លួនឡើងវិញ លើអ៊ីរ៉ង់ ដោយរារាំងការលក់យន្តហោះ ដឹកអ្នកដំណើរ និងការផ្តល់គ្រឿងបន្លាស់ និងសេវាកម្មបច្ចេកទេសដល់យន្តហោះអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា