ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក ប្រាប់ដល់ពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីទឹកដីអ៊ុយក្រែន ខ្លាចមានការវាយប្រហារជាថ្មីពីរុស្ស៊ី

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីទឹកដីអ៊ុយក្រែន ដោយបានលើកឡើងថា ខ្លួនជឿថា រុស្ស៊ីកំពុងរៀបចំកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលសង្រ្គាមឈានដល់រយៈពេល៦ខែ ។

គួរបញ្ជាក់ថា ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានការហាមឃាត់ដោយរដ្ឋាភិបាលអ៊ុយក្រែន លើការប្រារព្ធពិធីនៅក្នុងរដ្ឋធានី គៀវ នៅថ្ងៃពុធនេះ សម្រាប់ការប្រារព្វខួបនៃឯករាជ្យភាព ពីការគ្រប់គ្រងរបស់សូវៀត ដោយសារតែការភ័យខ្លាចមានការវាយប្រហារជាថ្មី ។

មេដឹកនាំនៃប្រទេសរាប់សិប និងអង្គការអន្តរជាតិនានា គ្រោងនឹងចូលរួមនៅថ្ងៃអង្គារ នៅក្នុងអ្វីដែលគេហៅថា វេទិកា គ្រីមៀ ក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន ក្នុងខួប៦ខែ នៃការឈ្លានពានរបស់រុស្ស៊ី ។ ភាគច្រើននឹងធ្វើដូច្នេះតាមរយៈវីដេអូ ។

យោធាអ៊ុយក្រែនបានឲ្យដឹងថា នៅលើសមរភូមិ កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយកាំភ្លើងធំ និងផ្លូវអាកាសនៅក្នុងតំបន់ Zaporizzhzhia ភាគអាគ្នេយ៍អ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នាបានកើតឡើង នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប ។

ប៉ុន្តែរយៈពេល៦ខែបន្ទាប់ពីការលុកលុយ របស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈលើអ៊ុយក្រែន ហើយជាមួយនឹងការស្លាប់រាប់ពាន់នាក់ និងការបំផ្លិចបំផ្លាញទីក្រុងនានា ជម្លោះត្រូវបានជាប់គាំង នៅក្នុងភាពទាល់ច្រក ។

កងកម្លាំងរុស្ស៊ីគ្រប់គ្រងផ្នែកធំនៃភាគខាងត្បូង រួមទាំងតាមបណ្តោយឆ្នេរសមុទ្រខ្មៅ និងកំណាត់នៃតំបន់ Donbas ភាគខាងកើត ។ ទស្សនវិស័យសម្រាប់សន្តិភាព មើលទៅស្ទើរតែមិនមាននោះទេ ។

ដោយខ្លាចមានការកើនឡើង នៃការវាយប្រហាររបស់រុស្ស៊ី ស្ថានទូតអាមេរិកនៅទីក្រុង គៀវ កាលពីថ្ងៃអង្គារបានជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញ ប្រសិនបើពួកគេអាចធ្វើបាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top