បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្តាយរបស់សិស្សសាលា នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី នេះបើយោងតាមបញ្ជាដែលបានបង្ហោះកាលពីថ្ងៃពុធនៅលើគេហទំព័រវិមានក្រឹមឡាំង។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឪពុកម្តាយរបស់កុមារដែលមានអាយុចន្លោះពី ៦ ទៅ ១៨ឆ្នាំនៅក្នុងតំបន់ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ីនៃតំបន់ Donetsk, Luhansk, Zaporizhzhia, Kharkiv និង Kherson នឹងទទួលបានប្រាក់ ១០ ០០០ រូប្លិ (១៦៧ដុល្លារ) ប្រសិនបើកូនរបស់ពួកគេ “ចាប់ផ្តើមសិក្សានៅក្នុងស្ថាប័នអប់រំទូទៅនៅក្នុង ទឹកដីដែលបានបញ្ជាក់មិនលើសពីថ្ងៃទី ១៥ ខែកញ្ញា។
ការផ្តល់ជូននេះធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា វិមានក្រឹមឡាំងកំពុងព្យាយាមណែនាំកម្មវិធីសិក្សារបស់រុស្ស៊ីទៅកាន់សាលារៀននានាក្នុងដែនដីអ៊ុយក្រែនដែលខ្លួនបានកាន់កាប់។
អ្នកស្រុកនៅតំបន់ Kherson និង Zaporizhzhia បាននិយាយថា មន្ត្រីដែលគាំទ្រវិមានក្រឹមឡាំងក្នុងតំបន់កំពុងគំរាមកំហែងដកហូតសិទ្ធិមាតាបិតារបស់ពួកគេ ប្រសិនបើពួកគេបដិសេធមិនទទួលយកលិខិតឆ្លងដែនរុស្ស៊ី ហើយបញ្ជូនកូនរបស់ពួកគេទៅសាលារៀនរុស្ស៊ីដែលទើបបង្កើតថ្មីនោះ RFE/RL បានរាយការណ៍កាលពីខែមុន។
យ៉ាងណាក៏ដោយ គ្រូបង្រៀននៅក្នុងតំបន់អ៊ុយក្រែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំងកំពុងរងសម្ពាធឱ្យចុះហត្ថលេខាលើឯកសារបញ្ជាក់ពីឆន្ទៈរបស់ពួកគេក្នុងការអនុវត្តតាមកម្មវិធីសិក្សារបស់រុស្ស៊ី នេះបើយោងតាមរបាយការណ៍របស់ The Guardian ៕សម្រួលៈ ណៃ តុលា