ព័ត៌មានអន្តរជាតិ

ឡាវ ព្រមានពីគ្រោះទឹកជំនន់ និងការបាក់ដី ខណៈព្យុះត្រូពិច MA-ON ខិតជិតមកដល់

វៀងច័ន្ទ៖ ការិយាល័យអាកាសធាតុ នៃប្រទេសឡាវ បានព្រមានប្រជាជនទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្នចំពោះលទ្ធភាព នៃការបាក់ដី ទឹកជំនន់ ខ្យល់បក់ខ្លាំង និងភ្លៀងពីព្យុះត្រូពិច MA-ON ។

យោងតាមរបាយការណ៍ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះដោយនាយកដ្ឋាន ឧតុនិយម និងជលសាស្ត្រ ក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ព្យុះត្រូពិច MA-ON នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងទៅកាន់ខេត្តមួយចំនួន នៃប្រទេសឡាវ។

ព្យុះនេះនឹងឆ្លងកាត់ភាគខាងជើង នៃប្រទេសវៀតណាម ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ បន្ទាប់មកផ្លាស់ទីកាត់ប្រទេសឡាវ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើននៅទូទាំងប្រទេស។ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ បណ្តាខេត្តភាគខាងត្បូង ប្រទេសនេះ បានឃើញថាមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់បោកខ្លាំង។

ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដល់ថ្ងៃសៅរ៍ ផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់បោកខ្លាំង អាចត្រូវបានគេរំពឹងទុកនៅភាគខាងជើងប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ ព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់បោកខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាន នៅក្នុងខេត្តភាគកណ្តាល រួមទាំងរដ្ឋធានីវៀងច័ន្ទ របស់ឡាវ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ផងដែរ។

មន្ទីរបានណែនាំដល់អាជ្ញាធរខេត្ត ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការរអិលបាក់ដី និងទឹកជំនន់ ហើយត្រូវរៀបចំដឹកជញ្ជូនវត្ថុមានតម្លៃ និងសត្វទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើចាំបាច់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top