ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក អង់គ្លេស អូស្ត្រាលី លុបការសម្រេចចិត្ត លើកិច្ចសហប្រតិបត្តិការ នាវាមុជទឹក នុយក្លេអ៊ែរ

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បំពេញកាតព្វកិច្ចរបស់ពួកគេ ទាក់ទងនឹងការមិនរីកសាយភាយ នុយក្លេអ៊ែរ និងលុបចោលការសម្រេចចិត្ត របស់ពួកគេលើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ ក្នុងចំណោមប្រទេសទាំងបីនេះ បង្កហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ យ៉ាងធ្ងន់ធ្ងរ ប្រឈមនឹងក្របខណ្ឌអន្តរជាតិសម្រាប់ ការមិនរីកសាយភាយ នុយក្លេអ៊ែរ បង្កើនការប្រណាំងអាវុធ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Tan បានលើកឡើងថា សហរដ្ឋអាមេរិក និងអង់គ្លេស នឹងបំពានយ៉ាងចំហនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ប្រសិនបើពួកគេផ្ទេរសម្ភារៈ នុយក្លេអ៊ែរ កម្រិតអាវុធទៅឱ្យរដ្ឋ ដែលមិនមែនជារដ្ឋអាវុធនុយក្លេអ៊ែរ។

លោក Tan បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមគ្នាការពាររបប មិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ ដែលមានមូលដ្ឋានលើ NPT៕

ប្រែសម្រួល ឈូក បូរ៉ា

To Top