តូក្យូ៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអ្វីដែលបានក្លាយជា ដំណើរទស្សនកិច្ចលើកទីពីរ របស់សមាជិកសភាអាមេរិក ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង បានធ្វើឱ្យប្រទេសចិនខឹងសម្បា កាលពីដើមខែនេះ។
សមាជិកសភាគណបក្សសាធារណរដ្ឋ លោកស្រី Marsha Blackburn សមាជិកនៃគណៈកម្មាធិការ សេវាប្រដាប់អាវុធព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើដំណើររបស់លោកស្រី ដើម្បីជួបជាមួយមេដឹកនាំ នៅទីក្រុងតៃប៉ិ គឺមានបំណង “ជំរុញ និងពង្រឹងភាពជាដៃគូរបស់យើង” ហើយថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាទៀងទាត់ទៅកាន់ទីក្រុងតៃប៉ិគឺ “ជាគោលនយោបាយ រយៈពេលយូររបស់សហរដ្ឋអាមេរិក”។
សមាជិកព្រឹទ្ធសភាតំណាងឱ្យរដ្ឋ Tennessee បានលើកឡើងថា “ខ្ញុំនឹងមិនត្រូវបានគំរាមកំហែងដោយចិនកុម្មុយនិស្ត ឱ្យងាកមកលើកោះនេះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកស្រី Pelosi ដែលជាអ្នកប្រជាធិបតេយ្យ បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ នៅដើមខែសីហា ដោយក្លាយជាប្រធានសភាអាមេរិកដំបូងគេ ក្នុងរយៈពេល ២៥ឆ្នាំដើម្បីធ្វើដូច្នេះ ទោះបីជាមានការព្រមានខ្លាំង ពីប្រទេសចិនក៏ដោយ។ ទីក្រុងប៉េកាំងចាត់ទុកកោះនេះថា ជាខេត្តដែលប្រែក្លាយ ដើម្បីបង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយកម្លាំងប្រសិនបើចាំបាច់។
គណៈប្រតិភូសភាមួយផ្សេងទៀត ដែលដឹកនាំដោយព្រឹទ្ធសមាជិក Edward Markey ដែលជាអ្នកប្រជាធិបតេយ្យផងដែរនោះ បានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅតៃវ៉ាន់ ចាប់ពីថ្ងៃទី១៤ ខែសីហា ហើយបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ បានជំរុញឱ្យទីក្រុងប៉េកាំង បង្កើនសកម្មភាពយោធារបស់ខ្លួន នៅជុំវិញកោះនេះ រួមទាំងការឆ្លងកាត់ម្តងហើយម្តងទៀត នៃខ្សែបន្ទាត់កណ្តាលរវាងចិន និងតៃវ៉ាន់ ដែលជាព្រំដែនដែលត្រូវបានគោរព ដោយភាគីទាំងពីរអស់រយៈពេលជាច្រើន ទសវត្សរ៍មកហើយ។
តៃវ៉ាន់ និងចិនដីគោកត្រូវបានគ្រប់គ្រង ដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នា ដោយសារតែសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំង បានព្យាយាមនាំយកកោះនេះ ត្រឡប់ទៅជាផ្នែករបស់ខ្លួនវិញ ប៉ុន្ដែមិនបានសម្រេច៕ ប្រែសម្រួល ឈូក បូរ៉ា