ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទាមទារឲ្យ IAEA ទម្លាក់ការអះអាងគ្មានមូលដ្ឋាន លើទីតាំងនុយក្លេអ៊ែរ ដែលមិនបានប្រកាស

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ គួរតែទម្លាក់បញ្ហារបស់ខ្លួន ទាក់ទងនឹងទីតាំងចំនួន៣ ដែលមិនទាន់បានប្រកាស ខណៈមានសន្ទុះបង្កើតឡើង ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥។

សហរដ្ឋអាមេរិក ទទូចថាទីក្រុងតេអេរ៉ង់ គួរតែសហការជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ដើម្បីលុបបំបាត់ការសង្ស័យ អំពីការងារពីមុននៅកន្លែង ដែលមិនបានបញ្ជាក់ចំនួន៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តដំណោះស្រាយមួយ កាលពីខែមិថុនា ដែលដាក់ទោសអ៊ីរ៉ង់ ចំពោះការខកខាន ក្នុងការពន្យល់ឱ្យបានគ្រប់គ្រាន់ អំពីការរកឃើញដាន នៃសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ចេញពីទីតាំងចំនួន៣ ដែលមិនត្រូវបានប្រកាស ដោយទីក្រុងតេអេរ៉ង់ថា ជាម្ចាស់ផ្ទះសកម្មភាពនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Irna ថា “យើងពិតជាយកចិត្តទុកដាក់ ចំពោះបញ្ហាការពារ ហើយមិនចង់អនុញ្ញាតឱ្យមានការចោទប្រកាន់ គ្មានមូលដ្ឋានមួយចំនួនរបស់ IAEA នៅតែមានឡើយ”។

អ្នកការទូតអ៊ីរ៉ង់បានបញ្ជាក់ប្រាប់ Irna ឲ្យដឹងថា បញ្ហានេះបានបំពុលទំនាក់ទំនង រវាង IAEA និងអ៊ីរ៉ង់ ដែលចាត់ទុកបញ្ហានេះថាជា “លក្ខណៈនយោបាយ ហើយដែលមិនគួរប្រើជាលេស ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើយ”៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top