ព័ត៌មានអន្តរជាតិ

រយៈពេល ៣ថ្ងៃ ក្រិក រំខានប្រតិបត្ដិការ យន្តហោះរបស់តួកគី ២ដង អំឡុងពេលបេសកកម្ម របស់អង្គការណាតូ

អង់ការ៉ា ៖ តួកគី បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា យន្តហោះចម្បាំងក្រិក “រំខាន” យន្តហោះរបស់ខ្លួនម្តងទៀត ក្នុងអំឡុងពេលបេសកកម្ម របស់អង្គការណាតូ នៅលើសមុទ្រ Aegean ដែលជាទង្វើបែបនេះលើកទីពីរ ក្នុងរយៈពេល ៣ថ្ងៃ។

អ្នកបើកយន្តហោះក្រិកបានដាក់យន្តហោះ F-16 តួកគីពីរគ្រឿង នៅក្រោមការចាក់សោរ៉ាដាកាលពីថ្ងៃពុធ ខណៈដែលពួកគេកំពុងបំពេញ បេសកកម្មរបស់អង្គការណាតូ ជាមួយនឹងយន្តហោះឈ្លបយកការណ៍ AWACS របស់សម្ព័ន្ធនៅឯសមយុទ្ធ Nexus Ace។

របាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំង F-16 តួកគីបានឆ្លើយតបដោយដាក់យន្តហោះក្រិក នៅក្រោមការចាក់សោរ៉ាដា វិញផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃអង្គារ តួកគី បានកោះហៅអនុព័ន្ធយោធាក្រិក នៅទីក្រុងអង់ការ៉ា បន្ទាប់ពីយន្តហោះចម្បាំង F-16 របស់ក្រិក “រំខាន” យន្តហោះចម្បាំងតួកគី ក្នុងអំឡុងពេលបេសកកម្មរបស់អង្គការណាតូ មួយផ្សេងទៀតនៅភាគខាងកើត មេឌីទែរ៉ាណេ។

ប្រទេសក្រិក បានបដិសេធការអះអាង របស់តួកគី កាលពីថ្ងៃអង្គារដោយលើកឡើងថា យន្តហោះតួកគីចំនួន ៥គ្រឿង បានបង្ហាញខ្លួនដោយគ្មាន ការជូនដំណឹងជាមុនដើម្បីអមដំណើរយន្តហោះ ទម្លាក់គ្រាប់បែកអាមេរិក B-52 នៅក្នុងតំបន់មួយដែលស្ថិតនៅក្រោមការ គ្រប់គ្រងការហោះហើររបស់ក្រិក ។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អង្គការណាតូទាំងពីរ មានជម្លោះជាយូរមកហើយលើបញ្ហាជាបន្តបន្ទាប់ រួមទាំងជម្លោះដែនសមុទ្រ និងថាមពលនៅសមុទ្រ Aegean និងសមុទ្រមេឌីទែរ៉ាណេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top