ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្លៃ ១២៨លានដុល្លារ ជាមួយក្រុមហ៊ុនផលិតអាវុធ ដើម្បីផលិតប្រព័ន្ធមីស៊ីល សម្រាប់យោធាអ៊ុយក្រែន

បរទេស៖ មន្ទីរបញ្ចកោណ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១២៨លានដុល្លារ ជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon ដើម្បីផលិតប្រព័ន្ធមីស៊ីល NASAMS (National Advanced Surface-to-Air Missile Systems) សម្រាប់យោធាអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ការងារ លើអាវុធការពារដែនអាកាស រយៈចម្ងាយខ្លី និងមធ្យម នឹងធ្វើឡើងនៅឯកន្លែងរបស់ Raytheon ក្នុងទីក្រុង Tewksbury រដ្ឋ Massachusetts ជាមួយនឹងកាលបរិច្ឆេទបញ្ចប់ការប៉ាន់ស្មាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ ។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាមួយទៀត សម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ ក្នុងតម្លៃ ២,៩៨ ពាន់លានដុល្លារ វាគឺធំបំផុតរហូតមកដល់បច្ចុប្បន្ន ហើយនឹងរួមបញ្ចូលប្រព័ន្ធ NASAMS ចំនួនប្រាំមួយ។

ជំនួយយោធានេះ នឹងត្រូវបានផ្តល់មូលនិធិជាផ្នែកនៃអ្វីដែលហៅថា គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) មានន័យថា ផ្នែករឹងនឹងត្រូវបានផលិត ជាពិសេសសម្រាប់ទីក្រុងគៀវ និងមិនយកចេញពីស្តុក របស់សហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា 

To Top